
កំពង់ឆ្នាំង ៖ ថ្វីបើបទល្មើសរបាំងស្បៃមុង និងរបាំងសាច់អួនខុសច្បាប់ បានកើតមានច្រើន នៅក្នុងដែននេសាទស្រុកជលគិរី ដោយសមត្ថកិច្ចរដ្ឋបាលជលផល កំពង់ឆ្នាំង បង្ក្រាបហើយ កើតវិញភ្លាមយ៉ាងណាក្ដី ក៏សមត្ថកិច្ចរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំ ដោយលោក លី ឡា នាយខណ្ឌ បានបន្តការចេញបង្ក្រាបផ្ទួនៗមិនដកដៃ ទោះជាជិតផុតរដូវ បិទនេសាទក្ដី។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ២៦ និងទី២៨ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចរដ្ឋបាលជលផល ផ្នែកកំពង់ប្រាសាទ ដឹកនាំ ដោយលោកឃីម ឡុង នាយផ្នែក បានចេញបង្ក្រាប២ថ្ងៃ ដែលទទួលផលសរុបបាន៖ រុះរើរបាំងស្បៃមុង និងរបាំងសាច់អួនចំនួន ៦៨កន្លែង ស្មើនឹងប្រវែង ៥៣០០ ម៉ែត្រ , លូស្បៃមុង ៥៨គ្រឿង , បង្គោល ២៧០០ដើម និងចាក់លែងកូនត្រីចម្រុះប្រមាណ៣៨០គីឡូក្រាម។
បង្ក្រាបនៅចំណុច ចុងព្រែកប្រចាន់ ,ត្រាំកំបោរ ,តំរាំងក្របី ,កំពង់តាអួរ , ជ្រុងត្រែង និងទួលគោកក្របៅ ឋិតនៅក្នុងឃុំ ជលសារ , ឃុំព្រៃគ្រី និងឃុំពាមឆ្កោក ។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានបន្ត ចេញបង្ក្រាប ដោយបែងចែកជា២ក្រុម គឺក្រុមទី១ បង្ក្រាបនៅស្រុកកំពង់លែង ចំណុចព្រែកចង្គៀង ក្នុងភូមិសាស្ត្រ ភូមិជ្រលង ឃុំដារ ដឹកនាំដោយលោក ឌុល ច័ន្ទឌី នាយសង្កាត់កំពង់លែង មានកម្លាំង៤នាក់ និងកាណូតបាឡាស្មាច់ ០១គ្រឿង។
ចំណែកក្រុមទី២ គឺដឹកនាំដោយលោកផ្ទាល់ បង្ក្រាបនៅចំណុច ព្រែកត្រប់ ភូមិព្រែកត្រប់ ឃុំជលសារ ,ចំណុចអន្លង់អក និងចុងព្រែកយួន ឃុំកំពង់អុស មានកម្លាំងសរុប ២៩នាក់ ក្នុងនោះ មានសមត្ថកិច្ចរដ្ឋបាលជលផលខណ្ឌ,សមត្ថកិច្ចរដ្ឋបាលជលផលសង្កាត់ជលគិរី,ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ, សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ និងសហគមន៍នេសាទភូមិថ្មី ដោយមធ្យោបាយកាណូត ០៧គ្រឿង។
លោក លី ឡា បានបន្តថា ជាលទ្ធផលសរុបទាំង២ក្រុម គឺបានរុះរើ របាំងស្បៃមុងចំនួន ៣៩កន្លែង ស្មើនឹងប្រវែង ១៤៥០ម៉ែត្រ , លូស្បៃមុង ៤១គ្រឿង , បង្គោល៥០០ដើម និងចាក់លែងកូនត្រីចម្រុះ ១៧០គីឡូក្រាម ៕ ដោយ ខែម លាភ