
កំពង់ធំ៖ ផ្លូវលំមួយខ្សែចេញពីឃុំកំពង់ថ្មស្រុកសន្ទុក ឆ្ពោះទៅឃុំទំរីងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃបណ្ដាលឲ្យទឹកជន់បុកផ្ដាច់ផ្លូវចំនួន ៣ កន្លែងនៅក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក បង្កឲ្យប្រជាពលរដ្ឋធ្វើចរាចរទៅមកជួបការលំបាកជាខ្លាំង។
លោកកែវ ឆេង មេឃុំក្រយា បានប្រាប់ឲ្យដឹងថាផ្លូវដែលខូចខាតនោះមាន ៣ កន្លែងគឺស្ថិតនៅក្នុងភូមិត្រពាំងព្រីង ២កន្លែង និងនៅក្នុង ភូមិទក់១កន្លែងចំពោះការខូចខាតនេះគឺមានរយៈពេលជិត ១០ថ្ងៃហើយចាប់តាំងពីពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាមកម្លេះ ប៉ុន្តែដំបូងគឺវាមានការខូចខាតតិចតួចតែប៉ុណ្ណោះ ទើបតែពេលនេះគេសង្កេតឃើញថាមានការខូចខាតខ្លាំងឡើងគួរឲ្យព្រួយបារម្ភ។
លោកកែវ ឆេងបានបញ្ជាក់ថា កំណាត់ផ្លូវដែលខូចខាតចំនួន ៣កន្លែងនេះមានទំហំធំ ហើយ ជ្រៅ ហេតុនេះលោកសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានគោលបំណងធ្វើដំណើរឆ្លងកាត់ផ្លូវនេះ សូមធ្វើដំណើរទៅតាមផ្លូវ ភូមិក្រវ៉ា ឃុំបាក់ស្នា ស្រុកបារាយណ៍ វិញទើបមានភាពងាយស្រួលក្នុងការធ្វើដំណើរ។
លោកឡង គីសឹង អភិបាលស្រុកសន្ទុកក៏បានឲ្យដឹងដែរថា ដោយសារតែស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បណ្ដាលឲ្យមានការខូចខាតនិងដាច់ផ្លូវជាច្រើនកន្លែងនៅភូមិសាស្ត្រស្រុកសន្ទុក ប៉ុន្តែដោយឡែកនៅពេលនេះរដ្ឋបាលស្រុកសន្ទុកមិនទាន់មានវិធានការបែបណាពាក់ព័ន្ធនឹងការងារនេះទេដោយសារតែស្ថានភាពពេលនេះ ទឹកកំពុងតែជន់ច្រើនបង្កដោយទឹកភ្លៀងចាក់ដីក៏មិនទាន់កើត រង់ចាំទឹកស្រកទើបអាចធ្វើការជួសជុលនិងថែទាំបាន។ ដោយលោកម៉ា ណារិទ្ធិ