
ឯកឧត្តម ងួន រតនៈ និងលោកជំទាវ បានផ្ដួចផ្ដើមអង្គកឋិនទានមហាសាមគ្គីដង្ហែ ទៅកាន់វត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្តម អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ លោកជំទាវ ឃួន ឃុនឌីសមាជិកព្រឹទ្ធសភា និងឧកញ៉ា គុយ លាងគី ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តកំពង់ធំ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត មានសទ្ធាជ្រះថ្លាបានផ្តួចផ្តើមប្រារព្ធអង្គកឋិនទាន ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០២:៣០នាទី អង្គកឋិទានបានប្រារព្ធពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម៌ទេសនា នៅក្នុងវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)។
លុះព្រឹកឡើងថ្ងៃទី១៩ ខែឆ្នាំដ៏ដែល បានធ្វើពិធីដង្ហែអង្គកឋិនទានបីជុំព្រះវិហារ ដោយមានត្រៃចីវរ ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យមួយចំនួនវេប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំតាមប្រពៃណីព្រះពុទ្ធ សាសនា។
មានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទ នាឱកាសនេះឯកឧត្តម អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា បច្ចុប្បន្នដោយសារ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានប្រព្រឹត្តធ្វើបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និង ជំនឿសាសនារៀងៗខ្លួន ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាពឱ្យបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាពដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន និងចូលរួមឱ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។ ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងនិងក្រៅប្រទេស ត្រូវតែគោរពប្រពៃណីព្រះពុទ្ធសាសនារបស់ខ្លួន ពិសេសគឺពិធីបុណ្យកឋិនទានដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំជាបុណ្យប្រពៃណីរបស់ខ្មែរ។
គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ០១រោច ខែអស្សុជ ដល់ថ្ងៃ១៥
កើត ខែកត្តិក គឺពុំមានវត្ដណាមួយយកត្រូវបានខក
ខានឡើយ ហើយបើទីអារាមណាមិនមានកឋិនណាមួយដង្ហែរចូលទេ ទីវត្តមអារាមនោះក៏ត្រូវតែរៀបចំជាកឋិនចំណុះជើងវត្តដែរ៕