
កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចរដ្ឋបាលជលផល សង្កាត់ជលគិរី បង្រ្កាបទៀតហើយ របាំងស្បៃមុង នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ដែលបទល្មើសនេសាទរបាំងស្បៃមុងនៅទីនោះ គឺកើតមានពុំចេះអស់ តាំង រដូវទឹកឡើង រហូតទឹកសម្រក់ ដែលធ្វើឲ្យសមត្ថកិច្ចជលផល សង្កាត់ ផ្នែក ខណ្ឌ ចេញ បង្ក្រាប ជាបន្តបន្ទាប់ និងល្វីងមុខផងដែរ។
ការបង្ក្រាបនៅថ្ងៃទី២០ នេះ គឺសមត្ថកិច្ចរដ្ឋបាលជលផល សង្កាត់ជលគិរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំពាមឆ្កោក ,កងអនុសេនាធំលេខ៤ជើងទឹក នៃតំបន់ប្រតិ្តការសឹកកំពង់ឆ្នាំង និងសហគមន៍នេសាទ អន្លង់មេត្រី សែនជ័យ ឃុំពាមឆ្កោក។
លោកនួន ឬទ្ធី នាយសង្កាត់រដ្ឋបាលជលផល ជលគិរី និងជាអ្នកដឹកនាំកម្លាំងសហការ បង្ក្រាប ក្នុងករណីនេះ បានប្រាប់ឲ្យដឹងថា លទ្ធផល នៃការបង្ក្រាប គឺ របាំងស្បៃមុង ១៥ កន្លែង ប្រវែង ៤០០ម៉ែត្រ, លូស្បៃមុង១៥មាត់, បង្គោលចំនួន២០០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន ៥០គីឡូក្រាម។
លោក នួន ឬទ្ធី បានបន្តឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះ គឺ ប្រើប្រាស់កម្លាំង សរុបចំនួន១៤នាក់ និងប្រើមធ្យោបាយ មានបាទ្បាស្មាច់ចំនួន៤គ្រឿង៕