
កំពង់ធំ៖ មេឈ្មួញឈើដុះស្លែប្រចាំស្រុកសន្ទុក ដែលគេស្គាល់ថាឈ្មោះធួក និងកូន ជាមេឈ្មួញដុះស្លែខាងដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីតំបន់ព្រៃអង់តែនពេលនេះត្រូវជាប់អន្ទាក់សមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមបញ្ជារបស់ លោក តឹប ញាតា នាយអធិការ និង លោក ហោ ភាជ នាយរងអធិការខាង ជើងបឹងទន្លេសាប សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។
ប៉ុន្តែការចុះបង្រ្កាបនេះត្រូវបានមេឈ្មួញឈើ ឈ្មោះធួក និង បក្សពួករើឈើទំលាក់ពីលើឡាន ហើយយកសាំងដុតបំភ័យសមត្ថកិច្ច ដើម្បីរំដោះរថយន្តចេញ ពីកន្លែងកេីតហេតុយ៉ាងគគ្លើន ដោយមិនញញើតច្បាប់នោះឡើយ ។
ករណីនេះខាងលេីនេះដែរ កើតឡើងនៅវេលាម៉ោងប្រមាណ ២:១៥នាទីរសៀលថ្ងៃទី ១៨ កញ្ញា ២០២១ ត្រង់ចំណុចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឃាត់នោះជាប្រភេទរថយន្តកូរ៉េ 3 តោន ក្បាលពណ៌ស ទ្រង់ពណ៌បៃតង ដឹកប្រភេទឈើចម្រុះ ចេញពីតំបន់ព្រៃអង់តែន ជាឈើមិនគ្រប់អាយុដែលរដ្ឋបាលព្រៃឈើហាមឃាត់។
ប្រភពព័ត៌មានបានបន្តប្រាប់ថាដោយឡែករថយន្តត្រូវបានជនល្មើសឈ្មោះធួក និងបក្ខពួកយកសាំងដុតដើម្បីបំភ័យសមត្ថកិច្ចរួចបើករត់បាត់។
បច្ចុប្បន្នវត្ថុតាងឈើចម្រុះត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈេីកំពង់ថ្ម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពេលនេះសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងនិងចំណាត់ការបន្តតាមនីតិវិធីច្បាប់ ស្វែងរករថយន្តដែលជាមធ្យោបាយដ៏សំខាន់ខាងដឹកជញ្ជូនផលអនុផលព្រៃឈើយកមកចំណាត់ការតាមច្បាប់ឲ្យខានតែបាន។
មហាជនបានសំណូមពរដល់ជំនាញពាក់ព័ន្ធនិងសមត្ថកិច្ច ជាពិសេសលោក ឡង គីសឹង អភិបាលស្រុកសន្ទុក ដែលទើបតែមកកាន់តំណែងថ្មី នឹងមានចំណាត់ការលើបុគ្គលរូបនេះ និង បក្សពួកឱ្យសាកសមនឹង ទោសកំហុស ប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើ ជាពិសេសទង្វើរារាំងកម្លាំងមានសមត្ថកិច្ចដែលចុះបំពេញភារកិច្ចការងារផងដែរនោះបើមិនដូច្នោះទេព្រៃអង់តែនដែលជាជម្រកសត្វព្រៃដ៏សំខាន់ជាព្រៃរបស់រដ្ឋ ត្រូវបំផ្លាញនាពេលឆាប់ៗនេះជាក់ជាមិនខាន។ អត្ថបទនិងរូបភាពដោយ ទីស្នាក់ការកណ្តាល រស្មីបូពា៌ RSP-NEWS