អភិបាលរងកំពង់ធំជម្រុញអោយម្ចាស់សហគ្រាសទាំងអស់នៅក្នុងខេត្តកំពង់ធំ ផលិតអោយមានស្តង់ដា អនាម័យ​ និងដាក់បញ្ជូន​ទៅកាន់​ក្រុមហ៊ុនធំៗ​ក្នុងស្រុក និងក្រៅប្រទេស

0
41

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលរងកំពង់ធំជម្រុញអោយម្ចាស់សហគ្រាសទាំងអស់នៅក្នុងខេត្តកំពង់ធំ ផលិតអោយមានស្តង់ដា អនាម័យ​ និងដាក់បញ្ជូន​ទៅកាន់​ក្រុមហ៊ុនធំៗ​ក្នុងស្រុក និងក្រៅប្រទេស

កំពង់ធំ ៖ ១ថ្ងៃពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងមន្ត្រីជំនាញ​ អាជ្ញាធរស្រុកតាំងគោក ស្រុកសន្ទុកចុះពិនិត្យ និងសិក្សារ នៅសហគ្រាសធុនតូចផលិតទឹកសៀង ទឹកត្រី និងទឹកស៊ីអ៊ីវ របស់លោកលឹម សម្បត្តិ ស្ថិតនៅភូមិ ច្រនាង ឃុំច្រនាង ស្រុកតាំងគោក, ស្ថានីយផលិតផ្គត់ផ្គង់ទឹកស្អាតរបស់លោកស្រី ជា ស្រីមុំ ស្ថិតនៅ ភូមិនាងល្អ ឃុំទ្រៀល ស្រុកតាំងគោក មានតំបន់សេវាកម្មចំនួ​ន ៤៣ភូមិ ស្ថិតក្នុង ៦ឃុំ និងសហគ្រាសផលិតទឹកកកដើម និងទឹកកកអនាម័យ របស់លោក រស់ ចិន្តា ស្ថិតនៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ។

លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា ​នៅសហគ្រាសធុនតូចផលិតទឹកសៀង ទឹកត្រី និងទឹកស៊ីអ៊ីវ របស់លោកលឹម សម្បត្តិ ផលិតផល​ក្នុងស្រុក​ស្នាដៃកូនខ្មែរ គិតពី​គុណភាព និង​សុខភាព​ជា​ចម្បង និងមាន​​ទស្សនៈវិស័យ លើកស្ទួយ​ផលិតផល​ក្នុងស្រុក និង​ធ្វើ​ឲ្យ​មាន​ការចូលរួមសហការ​ពី​គ្រប់​ដៃគូ ​ដើម្បី​ផលិត​និង​កែច្នៃ​វត្ថុធាតុដើម​ក្នុងស្រុក​ឲ្យ​ទៅ​ជា​ផលិតផល​សម្រេច​។ គ្រប់ ផលិតផល​របស់សហគ្រាស ជា​ផលិតផល​ ដែល​ត្រូវបាន​ទទួលស្គាល់​ពី​វិទ្យាស្ថាន​ស្តង់ដារ ដោយ​អនុលោម​ទៅតាម​ពាក្យស្លោក​របស់​សហគ្រាសគឺ គុណភាព និង​សុខភាព​ជា​ចម្បង ពោលគឺ​ក្រុម ហ៊ុន​មិន​គិតតែ​ទៅលើ​ផល​ចំណេញ​តែ​មួយ​មុខ​ទេ គឺ​ផ្តោត​សំខាន់ទៅ​លើ​ការចូលរួ​ម​ចំ​ណែ​ក​លើកស្ទួយ សេដ្ឋកិច្ច​សហ​គមន៍ និង​សុខភាព​របស់​អ្នកប្រើប្រាស់​។

លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា នៅស្ថានីយផលិតផ្គត់ផ្គង់ទឹកស្អាតរបស់លោកស្រី ជា ស្រីមុំ គម្រោង​អភិវឌ្ឍន៍​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ស្រុក​នេះ​នឹង​រួមចំណែក​លើកស្ទួយ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ដែល​អាច​ធានាបាន​នូវ​និរន្តរភាព​នៃ​ការប្រើប្រាស់​សេវា​ទឹកស្អាត ធានា​ផ្ដល់​សេវា​ទឹកស្អាត​ប្រកបដោយ​គុណភាព មិនមាន​ក្លិន ល្អក់កករ ឬ​មាន​ជាតិពុល​ និង​ធានា​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។

អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងបន្ថែមថា នៅសហគ្រាសផលិតទឹកកកដើម និងទឹកកកអនាម័យ របស់លោក រស់ ចិន្តា  គោលបំណងសំខាន់ ក្នុងការចុះសិក្សា ​និងពិនិត្យនេះ គឺចង់ផ្សព្វផ្សាយដល់ម្ចាស់សហគ្រាស សិប្បកម្ម ផលិតទឹកកក ទឹកកកអនាម័យទាំងអស់ឱ្យយកចិត្តទុកដាក់ ដោយត្រូវធានាថាផលិតផលទាំងនោះ គឺផលិតឡើងតាមស្តង់ដារ មានគុណភាពអនាម័យ ធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

អភិបាលរងខេត្តកំពង់ធំបានបានបញ្ជាក់ថា ចំពោះការធ្វើអនាម័យរបស់សហគ្រាសធុនតូចសិប្បកម្មផលិតទឹកកកដើម និងអនាម័យ គឺត្រូវគោរពតាមគោលការណ៍អនាម័យ ចំនួន ៣ចំណុច គឺចំណុចទី១៖ ផ្តោតលើអនាម័យទីតាំងផលិតកម្ម វត្ថុធាតុដើម និងខ្សែច្រវាក់ផលិតកម្ម ត្រូវតែស្អាត និងមានអនាម័យ ត្រូវមានភ្លើងបំភ្លឺសមស្រប មានបណ្ដាញលូបង្ហូរទឹក ឬកាកសំណល់ចោល ត្រូវមានបន្ទប់ទឹកធំទូលាយ មានកន្លែងសម្រាប់លាងដៃជើងមុននឹងចូលធ្វើការ ត្រូវមានឧបករណ៍សម្រាប់ចាប់ឬការពារសត្វល្អិត មានសីតុណ្ហភាពសមស្រប, ចំណុចទី២៖ ការធ្វើអនាម័យបុគ្គលិក ឬកម្មករ ត្រូវមានការបណ្ដុះបណ្ដាលផ្នែកអនាម័យខ្លួនប្រាណដល់បុគ្គលិកកម្មករ កម្មករ ត្រូវមានសម្លៀកបំពាក់ និងស្បែកជើងស្អាតក្នុងពេលបំពេញការងារ និងចំណុចទី៣៖ គឺការធ្វើអនាម័យសម្ភារវេចខ្ចប់ផលិតផលសម្រេច សំបកវេចខ្ចប់ត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងចៀសវាងការចម្លងមេរោគ និងភាពកខ្វក់។

ជាចុងក្រោយលោក ងួន រាសី បានបន្ថែមទៀតថា សូមប្រជាពលរដ្ឋ​គ្រប់រូប​ជួយគាំទ្រផលិតផលខ្មែរ គ្មានសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយយោងទៅតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ទាក់ទងនឹងការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចជាតិ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here