វត្តសម្តេចជោតញ្ញាណោ(ហៅវត្តតាំងគោក) បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនាឱ្យរីកចម្រើនបន្ថែមទៀត

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅថ្ងៃព្រហស្បតិ៍០៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ សម្រាប់តាំងគោក ខេត្តកំពង់ធំ។

ក្រោមកម្មវិធីនេះមានការរៀបចំដោយ៖ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូ ខេត្តា នុរ័ក្ខ ព្រះអនុគណស្រុកតតាំងគោក និងមន្ត្រីសង្ឃ សហការី ដែលមានសមាសភាពនិមន្ត-អញ្ជើញចូលរួមចំនួន ៥៥៧អង្គ/នាក់ ស្ថិតក្នុងវត្តសម្តេចជោតញ្ញាណោ ហៅវត្តតាំងគោក ភូមិតាំងគោក ឃុំស្រយ៉ូង ស្រុកតាំង ខេត្តកំពង់ធំ។

ស្រុកតាំងគោកជាស្រុកទី០៩ ក្នុងខេត្តកំពង់ធំ និងជាស្រុកបិទបញ្ចប់នូវពិធីចុះផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ របស់សាលាគណខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានអនុវត្តគោលការណ៍ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា បានដាក់ចុះមក ប្រកបដោយមោទកភាពវិស័យព្រះពុទ្ធសាសនាខេត្តកំពង់ធំ។

មានប្រសាសន៍ទៅកាន់ពិធីនេះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេន ថ្វាយដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនោះទេ គឺពុទ្ធចក្រនិងអាណាចក្រដើរទន្ទឹមគ្នា ព្រោះថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានលើកឡើងថាការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅ នឹងបញ្ហាប្រឈម ជាពិសេស ទិសដៅការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផង បន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិតផង និងដើម្បីពង្រឹងនូវធម៌វិន័យនៃព្រះពុទ្ធសាសនាផងដែរ។

 ព្រះទេពសត្ថា សៀង សុខ មានសង្ឃដីកាថា វិស័យព្រះពុទ្ធសាសនាបច្ចុប្បន្ន មានភាពរីកចម្រើនជាខ្លាំង មានការងារច្រើនទៀត ដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាពបន្ថែមទៀត ដែលជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន ជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ បង្ហាញឱ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ក្រោមម្លប់ នៃវប្បធម៌សន្តិភាព។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ មានសង្ឃដីកាផ្តាំផ្ញេីសូមមន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់។ បន្តការពង្រឹងគុណវុឌ្ឍិ តាមរយៈ វគ្គសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថភាព ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តតួនាទី/ភារកិច្ច។

សូមជម្រាបផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សូមព្រះចៅអធិការគ្រប់វត្ត គណៈកម្មការអាចារ្យ និងព្រះសង្ឃ រៀបចំទទួលទេវតាឆ្នាំថ្មី ដោយមានរៀបចំលេងល្បែងប្រជាប្រិយ តាមបែបប្រពៃណីខ្មែរ ស្រង់ព្រះជាដើម ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ត្រូវ ធានាបាននូវសុខសុវត្ថិភាព គ្មានបងតូច បងធំ គ្មានល្បែងស៊ីសង គ្មានគ្រឿងញៀន នៅតាមទីវត្តអារាម ពិសេសចូលរួមការពារសណ្តាប់ធ្នាប់សាធារណៈនៅថ្ងៃកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun