
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេ ដ្ឋកិច្ចខេត្តចុះបង្ក្រាបបទល្មើសនេសាទកំទេចរបាំងសាច់អួនវែងៗខុសច្បាប់ចំនួន ១៤ កន្លែងមានប្រវែង៥៥០០ម៉ែត្រនៅក្នុងឃុំ២នៃស្រុកជលគីរី
កំពង់ឆ្នាំ# នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបនិងធ្វើការកម្ទេចបទល្មើសនេសាទនៅក្នុងឃុំ២នៃស្រុកជលគីរី ជាលទ្ធផលបានកាប់បំផ្លាញចោលរបាំងសាច់អួនវែងៗខុសច្បាប់ចំនួន ១៤ កន្លែងមានប្រវែង៥៥០០ម៉ែត្រ និងបានចាក់លែងកូនត្រីដែលជាប់នៅក្នុងលបលូសាច់អួន ចូលក្នុងបឹងទន្លធម្មជាតិវិញបានចំនួនជាង៨០០គីឡូ។
លោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះបានឲ្យដឹងថា ដោយអនុវត្តតាមបទ បញ្ជារឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះលោកបានបញ្ជាកងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលចរាចរណ៍ខេត្តនិងនគរបាលអន្តរាគមន៍ សហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកជលគិរី ក្រោយពីទទួលបានព័ត៌មាននិងរូបភាពរបាំងសាច់អួនវែងៗជាបទល្មើសនេសាទរបស់ក្រុមជនល្មើសមុខដដែលៗរកស៉ីរាល់ឆ្នាំដាក់ចាប់ត្រីគ្រប់ប្រភេទទាំងតូចទាំងធំដោយមិនរើសមុខ ។
លោកស្នងការបានបញ្ជាក់ទៀតថា តាមគោលការណ៍ដែលបានប្រជុំឯកភាពនៅ ក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគឺកម្លាំងសមត្ថកិច្ចចម្រុះខេត្តនិង គ្រប់ស្រុកនិងនគបាលប៉ុស្តិចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាប្រចាំឲ្យបានអស់ទាំងស្រុងនៅគ្រប់ស្រុកទាំង៦នៅតាមដងទន្លេសាប ហើយជាមួយគ្នានេះដែរក៏មានផែនការចាប់ខ្លួនជនទាំងឡាយដែលបានប្រព្រឹត្តបទល្មើសនេសាទមានទ្រុងទ្រាយធំៗគ្រាក់ៗដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ និងត្រូវធ្វើការស្រាវជ្រាវរកមន្ត្រីជលផលពុករលួយណាមួយដែលជាខ្នងបង្អែកក្រុមជនល្មើសផងដែរ ទើបបទល្មើសនេសាទអាចថយចុះ និងទប់ស្កាត់បានដោយប្រសិទ្ធភាព។
លោកវរៈសេនីយ៍ទោ ជុន បូរី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំសម ត្ថកិច្ចនគរបាលខេត្ត ចុះបង្ក្រាបបទល្មើសនេសាទនៅថ្ងៃនេះបានឱ្យដឹងថា ក្នុងសមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប ២០ នាក់បាឡាស្មាច់ ៥ គ្រឿងចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅចំណុចក្នុងភូមិសាស្ត្រ ភូមិគៀនតាម៉ា ឃុំកំពុងអូស និងភូមិក្បាលកន្លង់ ឃុំពាមឆ្ងោក ស្រុកជលគីរី ។
នៅក្នុងកិច្ចប្រតិបត្តិការពេញមួយថ្ងៃនេះលទ្ធផលធ្វើការបង្ក្រាបនិងបានកាប់កំទេចចោលនៅនឹងកន្លែងរួមមានរបាំងសាច់អួនវែងៗចំនួន ១៤ កន្លែងមានប្រវែង ៥.៥០០ ម៉ែត្រ, លបលូសាច់អួនចំនួន ៣៩ គ្រឿង , បង្គោល ១.១០០ ដើម,និងបានចាក់លែងកូនត្រីចំរុះល្អិតៗចូលទៅក្នុងបឹងទន្លេធម្មជាតិវិញ ចំនួន ៨៩០ គីឡូ។
គួរបញ្ជាក់ផងដែរថា បទល្មើសនេសាទរបាំងសាច់អួនវែងៗនៅក្នុងភូមិសាស្ត្រភូមិគៀនតាម៉ា ១ខ្សែៗ មានប្រវែង២ទៅ៣ ពាន់ ឬ ៤ពាន់ម៉ែត្រ (ដូចមានរូបភាពវីដេអូភ្ជាប់មកជាមួយនិងនៅតាមបណ្ដាឃុំផ្សេងៗមួយចំនួនទៀតក៏មានបទល្មើសវែងៗបែ បនេះដែរ) ដែលកើតមានតាំងពីមុនរដូវបើកនេសាទរហូតមកដល់ក្នុងរដូវបិទនេសាទពេលនេះក៏នៅតែមាន មិនដឹងថាសមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលជលផលខេត្ត .ជលផលផ្នែកនិងជលផលសង្កាត់ តាមកន្លែងនីមួយ, គេគោរពតួនាទីរបស់ខ្លួនដែរឬទេ តែបើពួកគេគោរពកាតព្វកិច្ចខ្លួន តាមបញ្ញត្តិច្បាប់ថាតើមានបទល្មើសនេសាទបែបនេះដែរឬទេ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីមេត្តាជួយមុជទឹកដុះក្អែល ព្យាបាលនិងវះកាត់ផងទាន។
ដោយស្ថានភាពបែបនេះហើយទើប ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបញ្ជាឲ្យសមត្ថកិច្ចនគរបាលខេត្តចុះបង្ក្រាបនិងកាប់បំផ្លាញចោលឲ្យបានអស់ ពាក់ពន្ធ័និងករណីនេះបើឱ្យមន្ត្រីជលផលដឹងខ្លួនមុននោះ បទល្មើសពិតជាត្រូវគេខ្សឹបឱ្យជនល្មើសពន្លិចរបាំងសាច់អួនវែងៗទាំងនោះចូលក្នុងទឹកអស់មិនអាចបង្ក្រាបបាននោះឡើយ៕