ពិធីប្រគល់-ទទួល និងសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន គម្រោងទឹកលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

0
39

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីប្រគល់-ទទួល និងសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន គម្រោងទឹកលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

     (កំពង់ធំ)÷ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនបានអញ្ជើញចូលរួមក្នុង ពិធីប្រគល់-ទទួល និងសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន គម្រោងទឹកលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែនខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

     ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋបាលខេត្តទើបបានទទួលសមិទ្ធផលដ៏មាន តម្លៃពីតម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ គឺទីលានទុកដាក់សម្រាមក្រុងស្ទឹងសែន។ សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងស្ទឹងសែន ដែលនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាផ្នែកមួយទៀតដែលរួមចំណែកយ៉ាងសំខាន់ក្នុងការ កែលម្អបរិស្ថាន អនាម័យ និងសោភ័ណភាពក្នុងក្រុងស្ទឹងសែន ។

       ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តទៀតថាកន្លងមកនៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងស្ទឹងសែនមានការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំងដោយសារប្រព័ន្ធលូមានការបាក់បែកច្រើនកន្លែង។ ក្រោយការសាងសង់ប្រព័ន្ធលូ និងស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់នេះ ប្រព័ន្ធលូត្រូវបានកែសម្រួល ដោយបានញែកប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធទឹក កខ្វក់ដាច់ពីគ្នា ដែលនេះបានធ្វើឱ្យលំហូរទឹកភ្លៀង និងទឹកកខ្វក់ត្រូវបានគ្រប់គ្រងបានយ៉ាងល្អប្រសើរ នឹងលែងមានការជន់លិចដូចមុន។ ជាមួយនឹងសមិទ្ធផលដែលបានកើតឡើងជាបន្តបន្ទាប់នេះ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំពិតជា មានសេចក្តីសប្បាយរីករាយ និងសាទរយ៉ាងខ្លាំង ជាពិសេសគឺសមិទ្ធផលថ្មីៗជាច្រើនផ្សេងទៀត ដែល រាជរដ្ឋាភិបាលនឹងផ្តល់ជូនគឺ ផ្លូវតភ្ជាប់ពីខេត្តក្រចេះមកខេត្តកំពង់ធំ និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងមកកំពង់ធំ ព្រមទាំងស្ពានឆ្លងទន្លេសាបជាដើម ។

       ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងទស្សនវិស័យវែងឆ្ងាយ នៃរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងការលើកកម្ពស់វិស័យអនាម័យដើម្បី ធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាពីការវិនិយោគអនាម័យនៅក្នុងទីក្រុង។ គោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនត្រូវបានដាក់ចេញ ដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយជីវភាព ក្នុងវិស័យទឹកកខ្វក់ត្រូវបានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់ ដូចដែលបានរៀបរាប់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

        ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រគល់សមិទ្ធផល ជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងប្រតិបត្តិបន្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ប្រើប្រាស់និងចូលរួមថែរក្សា ការពារសំដៅធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធដែលយើងទទួលបាននេះ ស្ថិតស្ថេរតង់វង្សយូរអង្វែងទៅអនាគត។ សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន ក្នុងខេត្តកំពង់ធំ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្ពោធដាក់ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here