តាមរបាយការណ៍ នៅខេត្តក្រចេះ រយៈពេល៨ខែ ឆ្នាំ២០២៣ គ្រោះថ្នាក់ធម្មជាតិ បានបំផ្លាញ លើវិស័យកសិកម្ម និងសមិទ្ធិផលនានា ក្នុងកំរិតធ្ងន់ធ្ងរ

0
12

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

តាមរបាយការណ៍ នៅខេត្តក្រចេះ រយៈពេល៨ខែ ឆ្នាំ២០២៣ គ្រោះថ្នាក់ធម្មជាតិ បានបំផ្លាញ លើវិស័យកសិកម្ម និងសមិទ្ធិផលនានា ក្នុងកំរិតធ្ងន់ធ្ងរ

ខេត្តក្រចេះ៖ នៅក្នុងរបាយការណ៍ រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា ទំហំនៃការខូចខាត នូវរចនាសម្ព័ន នានា រួមទាំងវិស័យកសិកម្ម និងទ្រព្យសម្បត្តិ ,ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ ផងនោះ គឺមានកំរិត ធ្ងន់ធ្ងរ គួរឱ្យចាប់អារម្មណ៍ ក្នុងរយៈពេល៨ខែ កន្លងមក ក្នុងឆ្នាំ២០២៣នេះ។

របាយការណ៍នេះ ត្រូវបានគេរាយការណ៍ឡើង នៅក្នុងសិក្ខាសាលា នៃរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ ស្តីពីផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតប នូវការសង្គ្រោះបន្ទាន់ នៅគ្រោះមហន្តរាយ ធម្មជាតិ ក្នុងឆ្នាំ២០២៣ មានដូចជា ទឹកជំនន់,ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួត ជាដើម ។

នៅក្នុងរបាយការណ៍នេះ បានឱ្យដឹងបន្តថា ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ បានបង្កឱ្យមាន ផល ប៉ះពាល់ដល់ក្រុង-ស្រុក ទាំង៧ នៅក្នុងខេត្ត ស្មើនឹង ២៨ឃុំ-សង្កាត់ និងភូមិចំនួន៦៣ភូមិ មានប្រជាពលរដ្ឋ ៩៧៣ គ្រួសារ។

ក្នុងនោះ លិចផ្ទះប្រជាពលរដ្ឋ ចំនួន ១១០ ខ្នង ,ជម្លៀសប្រជាពលរដ្ឋ ទៅស្នាក់នៅ បណ្តោះ អាសន្ន នៅទីទួលសុវត្ថិភាព ចំនួន២៨ គ្រួសារ ,ដំណាំស្រូវលិចទឹក ចំនួន ៥៧៤ហិកតា។

ក្នុងនោះ ខូចខាតទាំងស្រុងចំនួន ២៥៦ហិកតា និងមានលទ្ធភាពស្ដារឡើងវិញ ចំនួន១២២ ហិកតា,ដំណាំរួមផ្សំ (កៅស៊ូ ដំឡូងមី ស្វាយចន្ទី ពោត) សរុប ៧៦៧ ហិកតា ,ខូចខាតទាំងស្រុង ចំនួន ៤១១ ហិកតា។

ចំណែកហេដ្ឋារចនាសម្ព័ន្ធដែលត្រូវលិច និងខូចខាតមាន ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ២០.៤២៩ ម៉ែត្រ ស្ពានបេឡេត៍ ឈើ ០២ កន្លែង លូកាត់ផ្លូវ ២៤ កន្លែង ទំនប់ទឹកប្រវែង១០.៤៨៧ម៉ែត្ អណ្ដូង លូ០៦កន្លែង អណ្ដូងស្នប់ ០៣កន្លែង និងបង្គន់អនាម័យ១៩កន្លែង។

អគ្គីភ័យកើតឡើងចំនួន ២២ លើក ,រន្ទះបាញ់ ចំនួន១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ ស្រី ០២នាក់ របួស ១៤នាក់ ,ប៉ះពាល់ផ្ទះ ចំនួន ០២ខ្ទង់ និងងាប់គោ ១ក្បាល និងករណី លង់ទឹកទន្លេ និងទឹកស្រះ កើតឡើងចំនួន ០៨លើក បណ្តាលឱ្យមនុស្សស្លាប់ ០៩នាក់ ក្នុងនោះកុមារ ០៨នាក់ និងខ្យល់កន្ត្រាក់ កើតឡើង ចំនួន១៧លើក ប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ១.០៨៥ គ្រួសារ ,របួសចំនួន០៧នាក់ ប៉ះពាល់ វត្តចំនួន ០៣ កន្លែង, ប៉ះពាល់អគារដ្ឋបាលចំនួន ០១ កន្លែង ប៉ះពាល់សាលារៀនចំនួន ០៧ កន្លែង និងងាប់គោ ចំនួន ០១ក្បាល ។

ជាលទ្ធផល សិក្ខាសាលានេះ គណគៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលខេត្តក្រចេះ ដែលដឹកនាំ ដោយ អភិបាលរងខេត្ត គង់ គឹមនី រៀបចំ បានគាំទ្រថវិកា និងបច្ចេកទេស របស់ គណៈ កម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ។

ជាទិសដៅ បន្ត លេខាធិការដ្ឋាននៃ គ.គ.ម.ខ ត្រូវ ត្រៀមរៀបចំ ទិវាជាតិ គ្រោះមហន្តរាយ និងលំហាត់សាកល្បង ដោយប្រើប្រាស់ នីតិវិធីប្រតិបត្តិស្តង់ដារ កម្រិតថ្នាក់ជាតិ និងថ្នាក់ខេត្ត ដោយមានការចូលរួមពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ខេត្តជាប់ដងទន្លេមេគង្គ និងខេត្តភូមិភាគឦសានចំនួន ៨ ខេត្ត និងអង្គការដៃគូរជាតិ-អន្តរជាតិ នៅអំឡុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ៕ ដោយតាប៉ៃលិន

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here