
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកោះកុង ត្រូវបានផ្អាកពីមុខតំណែងហើយ បន្ទាប់ពីផ្ទុះរឿងអាស្រូវ
ខេត្តកោះកុង÷ លោកអ៊ី ម៉េងលាង ត្រូវបានផ្អាកពីមុខ តំណែង ជាប្រធាន មន្ទីរ កសិកម្ម-រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកោះកុង ជាបណ្ដោះអាសន្នហើយ តាមរយៈសេចក្ដីសម្រេច លេខ២៨៣ សសរ/កសក របស់ ឯកឧត្តម រដ្ឋ មន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឌិត ទីណា ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយចាត់តាំង ជំនួសដោយ លោកស្រី អែមសុធារ៉ា អនុប្រធានមន្ទីរ ជាប្រធានមន្ទីរស្ដីទី។
ចំណាត់ការនេះ បានធ្វើឡើង បន្ទាប់ពីអង្គភាពសារព័ត៌មាន ជាច្រើន បានទម្លាយ រឿងអាស្រូវឡើង ពាក់ព័ន្ធ ទៅនឹង លោក អ៊ី ម៉េងលាង បានចាត់ឱ្យមនុស្សជំនិត របស់ខ្លួន, ឈ្មោះព្រំ សុវណ្ណា មានតួនាទី កាលណុះជានាយ នាយផ្នែកជលផល ស្រុកបទុមសាគរ និងគូកន ឃុបឃិតគ្នា បើកដៃឱ្យក្រុមឈ្មួញវៀតណាម នេសាទខ្យង ស យកទៅលក់ នៅប្រទេសវៀតណាម ដែលការ នេសាទ ខ្យង ស នេះ គឺច្បាប់ហាម។
បើយោងតាម បណ្ដាញព័ត៌មាន ទាំងនោះ បានលើកឡើងថា សកម្មភាព ល្មើសច្បាប់នេះ បានកើតឡើង ច្រើនខែ-ឆ្នាំហើយ នៅក្នុងឃុំថ្ម ស ស្រុកបូទុមសាគរ ខេត្តកោះកុង គឺបានលុយមិនតិចលាន ដុល្លានោះទេ ចូលហៅប៉ៅ ផ្ទាល់ខ្លួន និងបក្ខពួក។
បណ្ដាញព័ត៌មាននេះ បានបន្តថា នៅប៉ុន្មានខែ ចុងក្រោយនេះ លោក អ៊ី ម៉េងលាង ប្រមូលលុយសំណូក ពីក្រុមឈ្មួញវៀតណាម ទាំងនោះ ប្រមាណ៤ទៅ៥ លានរៀល ក្នុង១ថ្ងៃៗ។
ប៉ុន្តែបន្ទាប់ពី ផ្ទុះរឿងអាស្រូវឡើង លោក អ៊ី ម៉េងលាង ប្រញាប់ប្រញាល់ ចេញលិខិត បង្គាប់ការ ដកលោក ព្រំ សុវណ្ណា នាយផ្នែកជលផល ស្រុកបូទុមសាគរ ឱ្យមកបំពេញការងារ ជាមន្ត្រី នៅខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុងវិញ កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ហើយចាត់តាំង លោក ប៉ រ៉ានី ជានាយរងផ្នែក រដ្ឋបាលជលផល ស្រុកបទុមសាគរ ឡើងជានាយផ្នែកវិញ។
ប៉ុន្តែទង្វើនេះ មិនអាចថ្ពិនភ្នែក ចំណាត់ការតម្លាភាព របស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ បានឡើយ ហើយក៏ត្រូវបាន ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ចេញសេចក្ដី សម្រេច បង្គាប់ ឱ្យផ្អាក មុខតំណែង បណ្ដោះអាសន្ន លោក អ៊ី ម៉េងលាង ភ្លាមៗ តែម្ដង ដែលធ្វើឱ្យ មតិប្រជាពលរដ្ឋ គាំទ្រជាខ្លាំង និងមានទំនុកចិត្ត។
មតិប្រជាពលរដ្ឋ សូមសុំណូមពរ ឯកឧត្តម ឌីត ទីណា និង រាជរដ្ឋាភិបាលអាណត្តិ ទី០៧ ដែលសុទ្ធជាទំពាំង ល្អ ប្រណីត របស់កម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល ជួយពិនិត្យមើល មន្ត្រីខិលខូច មួយចំនួន នៅតាមបណ្ដាខេត្ត.. ដែលបានឃុបឃិតគ្នា ជាប្រព័ន្ធ ធ្វើឱ្យធនធម្មជាតិ ដ៏ស្ដុកស្ដម នៃមាតុភូមិយើង ចុះខ្សត់ខ្សោយ ឬបាត់បង់ ប៉ុន្តែមន្ត្រីទាំងនោះ ពូកែ ដោះសារ, ថ្ពិនភ្នែក និងធ្វើឯកសារ បំភ្លឺ កុហកថ្នាក់លើណាស់៕ ដោយ តាប៉ៃលិន