
បទល្មើសឈើ ឆ្លងដែន ខុសច្បាប់ ទៅប្រទេសវៀតណាម កំរើកយ៉ាងគំហុកវិញហើយ តាមច្រករបៀង នគរបាលការពារព្រំដែន ប៉ុស្តិ៍ឡុំ
ខេត្តរតនគិរី ៖ បច្ចុប្បន្ន ការជួញឈើ ខុសច្បាប់ ឆ្លងដែន ទៅប្រទេសវៀតណាម ចាប់ផ្ដើមកំរើក យ៉ាង គំហុកវិញហើយ ចេញតាមច្រក របៀង ប៉ុស្តិ៍ឡុំ ជាប៉ុស្តិ៍នគរបាល ការពារព្រំដែន ជើងគោក នោះ។
នេះ ! បើយោងតាម ប្រជាជន នៅទីនោះ បានឱ្យដឹង កាលពីថ្ងៃម្សិលម៉ិញ កន្លងមកនេះ។
ប្រភពពីប្រជាជន ទាំងនោះបន្តថា បទល្មើសដឹកជញ្ជូនឈើ ដោយគ្មានច្បាប់ អនុញ្ញាតនេះ គឺដឹកទាំង យប់ ទាំងថ្ងៃ តែម្ដង តាមមធ្យោបាយ ម៉ូតូកែច្នៃ-ហូរពុំចេះដាច់ ប្រៀបបាន នឹងសត្វកណ្ដៀរ ពាំអាចម៍ដី ធ្វើជម្រក អញ្ចឹង។
ប្រភពនោះ បានបន្តទៀតថា ប្រសិនបើ មិនត្រូវរ៉ូវ ជាមួយ សមត្ថកិច្ច នគរបាល នៅប៉ុស្តិ៍ នោះទេ គឺមិន អាចដឹកចេញឆ្លងដែន បានទេ សូម្បីតែពួកគាត់ ដើរទៅក្បែរព្រំដែននោះ ក៏មិនបានផង កុំថាឡើយ ដល់ ទៅឆ្លងដែននោះ។
ប្រជាជន ទាំងនោះ បន្តថា លោក មេប៉ុស្តិ៍នេះ ឈ្មោះ ង៉ែត បញ្ញា គាត់ទើបតែដូរ មកកាន់តំណែង មេប៉ុស្តិ៍ឡុំនេះថ្មីៗ ហើយនៅពេល ដែលគាត់ មកកាន់តំណែងនេះ ស្រាប់តែមាន សកម្មភាព បទល្មើសព្រៃឈើឆ្លងដែន ទៅលក់ នៅប្រទេសវៀតណាម ចាប់ផ្ដើមកំរើស យ៉ាងសកម្ម តែម្ដង ពោលគឺ នៅអំឡុង ដើមខែសីហា មកនេះ។
ចំពោះនៅចុងខែសីហា និងដើមខែកញ្ញា ពួកគាត់ ជាប្រជាជន តែងតែប្រទះឃើញ ម៉ូតូកែច្នៃ ដឹក ជញ្ជូនឈើហ៊ុបជ្រុង- ធំៗ ជាច្រើនគ្រឿង ទាំងយប់- ទាំងថ្ងៃ ចេញពីដែនព្រៃសហគមន៍ ដរតូច,សហ គមន៍ ភូមិគង និងដែនព្រៃការពារ ដោយមន្ត្រីបរិស្ថាន ចំណុចភូមិសម និងភូមិតេន ក្នុងស្រុក អូរយ៉ាវ ដាវ នេះ ។
ទាក់ទិននឹងសកម្មភាព ដឹកជញ្ជូនឈើ ឆ្លងដែន ទៅលក់ នៅប្រទេសវៀតណាម នេះ លោក ង៉ែត បញ្ញា មេប៉ុស្តិ៍ឡុំ ពុំបានត្រូវអ្នកសារព័ត៌មាន ព្យាយាម ធ្វើការទំនាក់ទំនង សុំបំភ្លឺ តាមទូរស័ព្ទបាននោះទេ នៅពេលនេះ។
ចំណែក លោក សុខ មីន មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកអូរយ៉ាវដាវ បានប្រាប់ តាម តេឡេក្រាមថា លោកកំពុងមាន កិច្ចការ រវល់ផ្ទាល់ខ្លួន នៅភ្នំពេញ ។
ដោយលោក បន្តថា ពួកមន្ត្រីខិលខូចទាំងនោះ ពួកគេមិនដែលជួយទប់ស្កាត់នោះទេ ផ្ទុយទៅវិញ មានតែជួយសម្របសម្រួល ឱ្យជនប្រព្រឹត្តបទល្មើសព្រៃឈើ និងបំផ្លិចបំផ្លាញ សម្បត្តិជាតិ ទាំងនោះ ធ្វើ សកម្មភាព តែប៉ុណ្ណោះ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី លោកឧត្ដមសេនីយ៍ ថាវ យ៉េន មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តរតនគិរី ថា រង់ចាំលោកស៊ើបអង្កេត ប្រសិនបើមានភ័ស្តុតាងពាក់ព័ន្ធ បទល្មើសព្រៃឈើទាំងនោះ លោកមិនបង្អង់យូរនោះទេ ,លោកនឹងចំណាត់ការ ឱ្យលោក ឃី សុខា មន្ត្រី អាវុធហត្ថខេត្ត សហការ ជាមួយកម្លាំង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចុះទៅស្រាវជ្រាវ ត្រួតពិនិត្យ និងធ្វើការទប់ស្កាត់បទល្មើស ព្រៃឈើ ដឹកជញ្ជូនឆ្លងដែន នៅច្រក របៀងប៉ុស្តិ៍ ឡុំនេះ ជាបន្ទាន់៕ ដោយ តាប៉ៃលិន