
លោកជំទាវ លំ គន្ធារី បានអញ្ជើញជាអធិបតីក្នុងវគ្គផ្សព្វផ្សាយស្តីពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស កិច្ចអន្តរាគមន៍ជួយជនរងគ្រោះស្ត្រី និងកុមារដោយការបំពានផ្លូវភេទ និងវិធីសាស្ត្រចំណាកស្រុកដោយសុវត្តិភាព
(កំពង់ធំ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លេខាធិការដ្ឋាន (គ.ខ.ប.ជ) ខេត្តកំពង់ធំ បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស កិច្ចអន្តរាគមន៍ជួយជនរងគ្រោះស្ត្រី និងកុមារ ដោយការបំពានផ្លូវភេទ និងវិធីសាស្ត្រចំណាកស្រុកដោយសុវត្ថិភាព នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៤០០នាក់ ។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសកល អាស្រ័យកត្តាសំខាន់បីគឺ(ការអប់រំសង្គម ការអនុវត្តច្បាប់ នឹងការឆក់ឱកាសពីជនល្មើស) រូបភាពនៃអំពើជួញដូរមនុស្សមិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្មប៉ុណ្ណោះទេ ក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពីជួញដូរសេរីរាង្គឬជួញដូរទារកឆ្លងដែន ដែលហៅថាអំពើជួលពពោះជំនួស។
លោកជំទាវអភិបាលរងខេត្តកំពង់ធំ ក៏បានបន្តទៀតថា ដើម្បីឱ្យកិច្ចសហការការងារបានល្អ និងធ្វើឱ្យមានសកម្មភាពការងារមានភាពប្រសើរឡើងបន្ថែមទៀត គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ ត្រូវអនុវត្តតាមយុទ្ធសាសន៍ដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគន្លឹះក្នុងការអនុវត្តការងារប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ឱ្យទទួលបានភាពជោគជ័យ។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ក៏បានលើកយកនូវគោល នយោបាយរបស់រាជរដ្ឋាភិបាល គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងការងារ បង្កើនប្រាក់ចំណូលទាំងនៅក្នុងស្រុក និងក្រៅស្រុក ។ ពលករមួយចំនួនទទួលបានកម្រៃ នឹងលើកកម្ពស់ជីវភាពបានយ៉ាងល្អតាមការរំពឹងទុក ។ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ គឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស ។ ក្នុងរយៈពេលនេះផងដែរ ដោយសារតែមានជនខិលខូចបានធ្វើសកម្មភាពជួញដូរមនុស្សដោយនាំយកជនបរទេស មកធ្វើជាអាជីវកម្ម និងជួញដូរនៅក្នុងប្រទេសកម្ពុជា កន្លងមកធ្លាប់តែមានជនខិលខូចបាននាំយកជនរងគ្រោះពីប្រទេសកម្ពុជា ហើយជួញដូរនៅក្រៅប្រទេស ដូច្នេះហើយបានជាយើងត្រូវតែមានការចូលរួមសហការគ្នា និងលុបបំបាត់ការជួញដូរមនុស្ស នៅក្នុងប្រទេសកម្ពុជា និងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ។