
ជនអគតិនៅ តែបន្ត ប្រើរបាំងស្បៃមុង ស្ទាក់ចាប់កូនត្រីល្អិតៗ រាប់ម៉ឺនលានក្បាល ក្នុងលូនីមួយៗគួរឱ្យស្ដាយ.. តែសមត្ថកិច្ច នៅតែបន្តបង្រ្កាប អត់ឈប់
កំពង់ឆ្នាំង/ កងឯកភាព រដ្ឋបាល ស្រុកជលគិរី នៅតែបន្តបង្ក្រាបអត់ឈប់ ទៅបទល្មើសនេសាទ នៅក្នុង រដូវ បិទនេសាទ ជាពិសេស របាំងស្បៃមុង ដែលបង្កវិនាសកម្ម យ៉ាងខ្លាំង ដល់មច្ឆជាតិនោះ។
រយៈពីរថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កងឯកភាព រដ្ឋបាល ស្រុកជលគិរី សម្រចបាន រុះរើ និងបំផ្លាញចោល ឧបករណ៍នេសាទ របាំងស្បៃមុង ចំនួន៣៨កន្លែង ស្មើនឹងប្រវែង១៧៥០ម៉ែត្រ ,លូស្បៃមុង ៣៨មាត់ ,បង្គោល៣៩០ដើម និងចាក់លែងកូនត្រី ចម្រុះ ទម្ងន់ ៦០០គីឡូក្រាម។
ឧបករណ៍នេសាទ ល្មើសច្បាប់ទាំងនោះ ត្រូវបានបំផ្លាញចោល នៅនឹងកន្លែងកើតហេតុ។
យោងតាមរបាយការណ៍ របស់លោក អនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ មានកម្លាំងសរុប២៣នាក់ ប្រើមធ្យោបាយ ដោយបាឡាស្មាច់ ចំនួន ០៦គ្រឿង ដឹកនាំដោយ លោក មុត ម៉េង អភិបាលរង ស្រុកជលគិរី ក្នុងនោះ មានកម្លាំង កងរាជអាវុធ ០៤នាក់ ដឹកនាំ ដោយរូបលោកផ្ទាល់។
បង្ក្រាបនៅចំណុចបឹងធំ ឋិតនៅខាងកើត ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី និងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅខាងក្រោយ ភូមិក្បាលកន្លង់ និងភូមិអន្លុងមេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី មានកម្លាំង សរុប ២៣នាក់ ប្រើមធ្យោបាយ ដោយបាឡាស្មាច់០៦ គ្រឿង ក្នុងនោះ មានកម្លាំង កងរាជអាវុធហត្ថ ០៤នាក់ ដដែល ដឹកនាំ ដោយ លោក អនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកជលគិរី។
មតិសាធារណៈបានលើកឡើងថា បើគិតពីថវិកា ដែលចំណាយ បង្ក្រាប បទល្មើសនេសាទ ក្នុងរដូវ បិទនេសាទ ក្នុងមួយឆ្នាំៗ ទំនងជាចំណាយអស់ ច្រើនណាស់ ហើយបទល្មើស នេសាទ ជាពិសេស ឧបករណ៍ ស្បៃមុង ដែលគេដឹងថា ជាមនុស្សមុខដដែលៗ គួរណាស់តែរកវិធី ពន្លត់ភ្លើង កុំព្យាយាមបក់ផ្សែង យ៉ាងនេះ ទំនងជាមិន មានប្រសិទ្ធភាព នោះទេ។
ពោលគឺស្រាវជ្រាវ រកជនល្មើស យកទៅផ្ដន្ទាទោស តាមផ្លូវច្បាប់ ទើបមានការរាងចាល។ បើពិនិត្យមើល កូនត្រី ល្អិតៗ វិញនោះ គឺគួរឱ្យសោកស្ដាយណាស់ មិនទាន់ទាំងបើក ភ្នែកកើតផង រាប់ម៉ឺនលានក្បាល ជាប់ក្នុង លូ ស្បៃមុងនីមួយៗ ប៉ុន្តែជនអគតិ ទាំងនោះ សុទ្ធតែអ្នកមាន មុខរបរអាជីព ជាអ្នកនេសាទ ប៉ុន្តែពួគាត់រកបំផ្លាញ មុខរបរខ្លួនឯង និងបំផ្លាញមច្ឆជាតិ ដែលជា ធនធាន ធម្មជាតិ ដ៏សំខាន់ សម្រាប់ មនុស្សជាតិ ជាពិសេស គឺក្មេង ជំនាន់ក្រោយ។
បើយោងតាម ការសង្កេត នៅគ្រប់ទីកន្លែង នេសាទ គឺសុទ្ធតែប្រើឧបករណ៍ នេសាទ ល្មើសច្បាប់ ប្រភេទ ស្បៃមុងនេះ ហើយភាគ ច្រើនលើសលប់ គឺនៅក្នុងរដូវ បិទនេសាទ ហើយពេលដែល ត្រីចុះ ស្បើយ និងក្រខ្សត់ ពួកគាត់ បែរជាស្រែក ដាក់បន្ទុក ទៅលើសមត្ថកិច្ច ជាពិសេស សមត្ថកិច្ច រដ្ឋបាលជលផល និង រាជរដ្ឋាបាល ទៅវិញ យ៉ាងរំភើយ៕ដោយ ការិយាលនិពន្ធ