
ជនមេខ្លោងញុះញង់ កេណ្ឌគ្នា ទៅដុតស្នាក់ការ បរិស្ថាន នៅខេត្តក្រចេះ ត្រូវបានកំណត់ មុខសញ្ញា បានហើយ
ក្រចេះ/ ជនប្រព្រឹត្តបទល្មើសព្រៃឈើ កាន់តែដំឡើងសាច់ដុំហើយ រហូតដល់កេណ្ឌគ្នា ប្រមាណ ៣៥០នាក់ ទៅដុតទីស្នាក់ការ សមត្ថកិច្ចបរិស្ថាន និងគំនរឈើ ឆេះខ្ទេច គ្មានសល់ កាលពីរសៀល ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៣ នៅខេត្តក្រចេះ តែត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាមេខ្លោង ទាំងនោះ បានហើយ នៅល្ងាចថ្ងៃដដែលនេះ។
ស្នាក់ការបរិស្ថាននេះ ឋិតនៅឃុំស្រែជិះ ស្រុក អូរគ្រៀងសែនជ័យ ហើយប្រជាពលរដ្ឋ ប្រមាណ ៣៥០ នាក់នេះ មកពី៣ភូមិ គឺភូមិស្រែជិះ ភូមិរវៀង និងភូមិអំពក ឋិតនៅក្នុងឃុំស្រែជិះ ស្រុក អូរគ្រៀង សែនជ័យ។
ឯកឧត្ដម ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលា ដំបូងខេត្តក្រចេះ បានប្រាប់សារព័ត៌មាន តាមទូរស័ព្ទថា ពិតជាមានករណី ប្រជាពលរដ្ឋជាច្រើននាក់ បានកេណ្ឌគ្នា ទៅដុតបំផ្លាញ ទីស្នាក់ការ បរិស្ថាន ពិតប្រាកដមែន នៅឃុំស្រែជិះ ស្រុក អូរគ្រៀងសែនជ័យ។
ឯកឧត្តមបន្តថា តំណាងអយ្យការ០១រូប ចុះទៅសម្របសម្រួលនីតិវិធី ជាមួយនឹងកម្លាំង កងរាជអាវុធហត្ថខេត្ត ,ស្នងការដ្ឋាន នគរបាលខេត្ត ពិនិត្យជាក់ស្ដែង នៅកន្លែងកើតហេតុ បានកំណត់ មុខសញ្ញា ២នាក់ ដែលជាមេខ្លោង ញុះញង់ បង្កឱ្យមានអំពើហឹង្សានេះ កើតឡើង។
គឺម្នាក់ឈ្មោះ ក្លូ និងម្នាក់ទៀតឈ្មោះ រ៉ា ទី ហើយឈ្មោះ រ៉ា ទី នេះ មានតួនាទីជាអនុប្រធានសហគមន៍ ការពារព្រៃឈើទៀតផង ហើយបុគ្គលរូបនេះ ជាអ្នកឱ្យគេទៅអារឈើ ក្នុងតំបន់ការពារនោះ តែម្ដង។
ឯកឧត្ត ព្រះរាជអាជ្ញាបន្តទៀតថា ជនញុះញង់ និងបក្ខពួក គឺខឹងសម្បារ នឹងសមត្ថកិច្ចបរិស្ថាន បានចាប់រណាយន្ត អារឈើ ត្រង់ទីណឺ , សម្ភារៈបម្រើឱ្យការ អារ-កាប់ឈើ និងគ្រឿងចក្រ០១គ្រឿងទៀត កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏ លោក ឱ្យមន្ត្រី នគរបាលយុត្តិធម៌ បន្តធ្វើកិច្ចការនេះ ដោយយកចិត្តទុកដាក់បំផុត។
ដោយឡែក នៅក្នុង របាយការណ៍បឋម របស់សមត្ថកិច្ច បរិស្ថាន បានឱ្យដឹងថា ការដុតបំផ្លាញនេះ គឺឆេះអស់ស្នាក់ការ បរិស្ថាន ១ខ្នង, រោងស្នាក់នៅ និងឈើ ជាវត្តុតាង ដែលបង្រ្កាបបានកន្លងមក៕
ដោយ ការិយាល័យ និពន្ធ