
រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រកាសចូលកាន់មុខដំណែងក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត
(កំពង់ធំ)៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រកាសចូលកាន់មុខដំណែងក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ។
លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលខេត្ត បានអោយដឹងថា មន្ត្រីរាជការក្នុងខេត្តកំពង់ធំ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ មានមន្ត្រីរាជការសុីវិលសរុបចំនួន ៧ ៨៩០នាក់។ ដោយឡែកមន្ត្រីដែលប្រកាសចូលកាន់តំណែងនាឳកាសនេះ មានចំនួន២៧រូប ក្នុងនោះរួមមាន៖ មន្ត្រីក្នុងរចនាសម្ព័ន្ធសាលាខេត្តចំនួន១៧រូប មន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរសាធារណៈការនិងដឹកជញ្ជូន ០៣រូប មន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរផែនការ ០៤រូប មន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរធម្មការនិងសាសនាចំនួន ០២រូប និងមន្ត្រីក្នុងរចនាសម្ព័ន្ធមន្ទីរមុខងារសាធារណៈចំនួន ០១រូប។
ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ អបអរសាទរដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញតួនាទីការងារ ប្រកបដោយភាពត្រឹមត្រូវ យកអស់ពីកម្លាំងកាយចិត្ត រហូតទទួលបានការដំឡើងមុខដំណែង ដើម្បីបន្តអភិវឌ្ឍន៍និរន្តរភាពរដ្ឋបាលខេត្តឲ្យកាន់តែមានភាពច្បាស់លាស់ មានប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈ និងសេវាទូទៅគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តម ងួន រតនៈ ជំរុញដល់មន្ត្រីរាជការ ទាំងអស់ ជាពិសេសមន្ត្រីដែលបានតែងតាំងថ្មីទាំង២៧រូបនេះ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពបន្ថែម មានស្មារតីការងារជាក្រុម គោរពវិន័យ សិក្សារស្វែងយល់នូវចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ឲ្យកាន់តែខ្លាំងជាងមុន ដើម្បីដើរអោយទាន់សម័យកាលបច្ចេកវិទ្យានៃបរិបទសង្គមឌីជីថល។
ឯកឧត្តម ងួន រតនៈ ណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវសហការជាមួយ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច រួមគ្នាបន្តបង្រា្កបនូវរាល់បទល្មើសនេសាទ និងព្រៃឈើគ្រប់ប្រភេទ ពិសេសត្រូវយកចិត្តទុកដាក់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីការរងគ្រោះដោយសារបញ្ហាទឹកជំនន់ ព្រោះបច្ចុប្បន្ននេះពិភពលោកយើងទាំងមូល កំពុងតែរងការវាយប្រហារដោយគ្រោះធម្មជាតិដ៏សាហាវមួយនេះ។