ឯកឧត្តម ងួន រតនៈ និងលោកជំទាវ បាននាំយកទេយ្យវត្ថុ ទៀនព្រះវស្សា និងថវិកាប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាទាំង១០វត្ត ក្នុងក្រុងស្ទឹងសែន

0
31

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម ងួន រតនៈ និងលោកជំទាវ បាននាំយកទេយ្យវត្ថុ ទៀនព្រះវស្សា និងថវិកាប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាទាំង១០វត្ត ក្នុងក្រុងស្ទឹងសែន

(កំពង់ធំ)÷ ដើម្បីចូលរួមចំណែក ក្នុងពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជួយឧបត្ថមដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រនៅក្នុងវត្តអារាម ពិសេសក្នុងវត្តឥន្ទ្រីយ៍សំវរៈ(ហៅកំពង់ធំ) ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ បាននាំយកទេយ្យវត្ថុ ទៀនព្រះវស្សា និងថវិកាមួយចំនួនប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាទាំង១០វត្ត ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ និងសហការី ព្រមទាំងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា ជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះចៅអធិការវត្ត ឥន្ទ្រីយ៍សំវរៈ(ហៅកំពង់ធំ) មានសង្ឃដីកាថា តាំងតែពីដើមរហូតមកដល់បច្ចុប្បន្ន វត្តអារាមបានចូលរួមអភិវឌ្ឍសង្គមកម្ពុជាស្ទើរគ្រប់វិស័យ ដូច្នេះការនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ នាពេលនេះ គឺជាការចូលរួមចំណែកមួយសម្រាប់ជួយសម្រួលផ្គត់ផ្គង់ទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា អស់រយៈពេលបីខែ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ចំពោះការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃនាឱកាសនេះ ដើម្បីយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ រដូវកាលចូលព្រះវស្សាមានរយៈពេល៣ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌វិន័យផ្សេងៗក្នុងរយៈពេល៣ខែ នៃការចូលកាន់ព្រះវស្សានេះ។ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ វិន័យ យ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ទេសនាជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុងរយៈពេល៧ថ្ងៃ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព។

សូមបញ្ជាក់ផងដែរថា ទេយ្យវត្ថុ ទៀនព្រះវស្សា និងថវិកា ដែលជាអំណោយរបស់រដ្ឋបាលខេត្តកំពង់ធំ យកមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង១០វត្ត ក្នុង១វត្ត ទទួលបាន÷អង្ករ២០០គីឡូក្រាម មី០៥កេស ទឹកស៊ីអ៊ីវ០៤យួរ ទឹកត្រី០៤យួរ ទឹកបរិសុទ្ធ០៤កេស ទឹកក្រូច០៤កេស ទៀនវស្សា០១គូរ និងថវិកាមួយចំនួនផងដែរ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here