
គ្រោះកម្មមែន ឡាននិងម៉ូតូបុកគ្នា,រវល់តែទាស់តឹងសសៃកដាក់គ្នា ស្រាប់តែឡាន០១គ្រឿងផ្សេង ទៀត មកបុកបន្ថែមបណ្ដាលឱ្យរងរបួសធ្ងន់
ក្រចេះ/ ករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងដោយរថយន្តបាឡែនដឹកធ្យូង ទៅបុកម៉ូតូម៉ាក១២៥មួយគ្រឿង ពី ក្រោយ ខណៈដែលតៃកុងរថយន្ត និងតៃកុងម៉ូតូ កំពុងឈរទាស់ទែងគ្នា យ៉ាងតឹងសសៃ ក នៅមិនឆ្ងាយប៉ុន្មាន ពី ចិញ្ចើមផ្លូវនោះ ស្រាប់តែមានរថយន្តបាឡែន០១គ្រឿងផ្សេងទៀត បានបើកមកយ៉ាងលឿន…មកដល់កន្លែងកើត ហេតុក៏បានបុកតៃកុងរថយន្តបាឡែន ដែលកំពុងឈរទាស់ប្រកែកគ្នានោះ ពេញមួយទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ ឯតៃកុងម៉ូតូរងរបួសស្រាល។
បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់ បាន និងកំពុងសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៧ និង៣០នាទី ក្បាលព្រលប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច លើកំណាត់ផ្លូវជាតិ លេខ ៧ អា ឋិតនៅភូមិថ្នង ឃុំ ស្នួល ស្រុក ស្នួល ខេត្តក្រចេះ។
យោងតាមសក្សីដែលឃើញហេតុនេះ បានឱ្យដឹងថា នៅវេលាខាងលើ ពួកគាត់ឃើញរថយន្តដឹកធ្យូង ម៉ាកបាឡែន ពណ៏ ស ពាក់ផ្លាកលេខភ្នំពេញ 2N13.56 ដែលគេស្គាល់ថា បើកបរដោយឈ្មោះ យ៉ាន់ ឃុនមុន្នី ជាអ្នកដឹក ធ្យូងលក់ឆ្លងដែន ទៅប្រទេសវៀតណាមនោះ បានបើកចេញពីផ្សារ ស្នួល ឆ្ពោះទៅភ្នំព្រិច តាមបណ្ដោយផ្លូវជាតិ ៧អា ពេលមកដល់ចំណុច ភូមិ ថ្ពង់ មិនដឹងជាយ៉ាងម៉ិច ក៏បានទៅបុកម៉ូតូ 125 ពណ៏ខ្មៅ ផ្លាកលេខ ក្រចេះ 1E 32.27 កំពុងបើកពីមុខស្របទិសគ្នា បណ្ដាលឱ្យដួលតែមិនរងរបួសធ្ងន់ធ្ងរទេ។
ខណៈនោះ គេឃើញតៃកុងរថយន្តឈ្មោះ យ៉ាន់ ឃុនមុន្នី និងតៃកុងម៉ូតូ ពុំស្គាល់ឈ្មោះ បានឈ្លោះប្រកែកគ្នា យ៉ាងតឹងសសៃ ក នៅមិនឆ្ងាយប៉ុន្មាន ពីចិញ្ចើមផ្លូវខាងស្ដាំដៃខ្លួននោះ ស្រាប់តែមានរថយន្តបាឡែន០១គ្រឿងផ្សេង ទៀត បើកមកពីក្រោយ ស្របទិសគ្នា ក្នុងល្បឿនលឿនផងនោះ បានមកបុក ឈ្មោះយ៉ាន់ ឃុនមុន្នី ពេញមួយទំហឹង បណ្ដាលឱ្យរបួសធ្ងន់ ឯរថយន្តនោះ ក៏បើកទៅមុខគេចខ្លួនបាត់។
សក្សីឃើញហេតុការណ៍នេះ បាននាំគ្នានិយាយដោយក្ដីអាណិតផង និងដាក់បន្ទុកផងថា ហេតុតែហឹង្សា ឡើងដល់ ច្រមុះ ឱ្យតែបានឈ្នះ…មិនខ្វល់នឹងគ្រោះថ្នាក់ឡើយ ទោះជាតាមផ្លូវក៏ព្រលះដែរ៕