
ប្រធានកិតិ្តយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ចូលរួមរំលែកទុក្ខ និងប្រគល់ថវិកាជូនគ្រួសារសពលោក ហ៊ុន ហ៊ាត ជាអតីតយុទ្ធជន
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានកិតិ្តយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោងព្រមទាំងសហការីបានអញ្ជើញចូលរួមរំលែកទុក្ខ និងប្រគល់ថវិកា បេឡាសង្គ្រោះមរណ:ជូនគ្រួសារសពលោក ហ៊ុន ហ៊ាត ជាអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ចំនួន៤,០០០,០០០រៀល ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដោយរោគាធ ស្ថិតនៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ក្នុងនាមលោកជាប្រធានកិត្តិយសសមាគម និងសហការីបានសម្តែងនូវសមាណចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខគ្រួសារសពលោក ហ៊ុន ហ៊ាត និងញាតិមិត្តជិតខាងទាំងអស់ ដែលជាការបាត់បង់នូវសាច់ញាតិ ស្វាមី ឪពុកនិងជាមេគ្រួសារដ៏រឹងមាំ ដែលតែងតែបានលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ គ្រប់បែបយ៉ាងដើម្បីគ្រួសារ និងសង្គមជាតិពិសេសដើម្បីប្រទេសជាតិសុខសាន្តនិងមានសន្តិភាពពេញបរិបូណ៌។
ជាមួយនេះផងដែរលោក សាយ គឹឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់ជីវភាពបងប្អូនអតីតយុទ្ធជនកម្ពុជាក៏ដូចជាក្រុមគ្រួសារ ដែលបានលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដើម្បីប្រទេសជាតិ និងសុខសន្តិភាព។
លើសពីនេះលោក សាយ គឹមឡម ក៏បានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជនក៏ដូចជាគ្រួសារដែលងាយរងហានិភ័យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជួយជ្រោមជ្រែង និងលើកកម្ពស់ក៏ដូចជាការយកចិត្តទុកដាក់ជួយជីវភាពពួកគាត់ឲ្យកាន់តែប្រសើរឡើង។
លោកប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជាស្រុកស្ទោងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង សូមអញ្ជើញចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នាដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។