
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងករណីលួចឆក់់ថ្មីៗ នៅផ្សារត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន
(កំពង់ធំ) ៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យ០១នាក់ដែលធ្វើសកម្មភាពលួចឆក់កាលពីពាក់កណ្តាលខែមិថុនាឆ្នាំ២០២៣ កន្លងទៅនេះតាមបណ្ដោយផ្លូវជាតិលេខ ៦A ចំណុចមុខផ្សារត្រពាំងវែង ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ។
នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មានករណីចោរលួចឆក់ ខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលបានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពិន ស៊ីថុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងនោះសមត្ថកិច្ចជំនាញបានដកហូតម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០២២ លេខម៉ាស៊ីន ND125ME- 6403264 ស្លាកលេខកំពង់ធំ 1S-4055 និងទូរស័ព្ទដៃចំនួន ០១គ្រឿង។
លោកវរសេនីយ៍ឯក គឹម សុខមករា បានបញ្ជាក់ថា ៖ ករណីខាងលើនេះមន្ត្រីនគរបាលជំនាញ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕