
តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានរៀបចំពិធីបំពាក់ឋានន្តរសក្កិថ្នាក់អនុសេនីយ៍ និងប្រគល់សេចក្តីសម្រេចតែងតាំងមុខងារ ជូនយោធិន
(កំពង់)÷ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីបំពាក់ឋានន្តរសក្កិ ថ្នាក់អនុសេនីយ៍ និងប្រកាសមុខងារជូនយោធិនចំនួន៣៩នាក់ ដែលទើបទទួលបានសេចក្តីសម្រេចដំឡើងឋានន្តរសក្តិ និងតែងតាំងមុខងារថ្មីពីថ្នាក់លើ ។ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានមានទំនុកចិត្តផ្ដល់នូវការតែងតាំងមុខងារ និងផ្ដល់នូវឋានន្តរសក្កិ ចំពោះយោធិនថ្នាក់អនុសេនីយ៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅពេលនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការអបអរសាទរចំពោះយោធិនទាំង៣៩រូប ដែលទទួលបានសេចក្តីសម្រេចតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្កិថ្មីនៅពេលនេះ និងបានសំណូមពរដល់យោធិនទាំអស់ ត្រូវខិតខំបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ឲ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីទទួលបាននូវឋានន្តរសក្តិ និងមុខងារថ្មីៗបន្ថែមទៀត តាមពេលវេលាកំណត់នៃលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងបានដាក់បទបញ្ជាដល់យោធិនទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ព្រមជាមួយនោះត្រូវការពារឱ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីការបោះឆ្នោត និងគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើ តាំងឋានានុក្រមកងទ័ពឲ្យមានប្រសិទ្ធភាព និងបានអំពាវនាវឲ្យយោធិនគ្រប់រូប និងក្រុមគ្រួសារត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឲ្យបានគ្រប់ៗគ្នា ។
នាយទាហាន នាយទាហានរង ទាំងអស់ ដែលបានទទួលសេចក្តីសម្រចតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្កិថ្មីនៅពេលនេះ ព្រមទាំងយោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវបេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ ខាងមុខនេះ និងប្រកាសគាំទ្រយ៉ាងឱឡារិកនូវបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត ៕