
អភិបាលរងខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ប្រជាការពារ ដែលបានលះបង់ពេលវេលា រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនសង្គមជាតិ
(កំពង់ធំ)÷ ពិធីសំណេះសំណាល និងប្រគល់ជូនសម្លៀកបំពាក់ដល់ប្រជាការពារចំនួន៤២នាក់ នៅឃុំក្តីដូងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមវត្តមានលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងឯកឧត្តម ប្លង់ ពុទ្ធកូរ៉ាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ដើម្បីលើកទឹកចិត្តដល់បងប្អូនប្រជាការពារ ដែលខំលះបង់ពេលវេលាកម្លាំងកាយកម្លាំងចិត្ត ចូលរួមបម្រើសង្គមជាតិឱ្យមានសុខសន្តិភាព និងសណ្ដាប់ធ្នាប់ល្អ។
នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពប្រទេសជាតិមានការអភិវឌ្ឍឥតឈប់ឈរ ដើម្បីឱ្យប្រទេសជាតិមានសុខសន្តិភាពតទៅមុខទៀត សូមបងប្អូនប្រជាការពារចូលរួមស្រឡាញ់សន្តិភាព និងគាំទ្រសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាឱ្យមានសន្តិភាព ជូនប្រជាជនកម្ពុជាបន្តទៀត។
លោកជំទាវ លំ គន្ធារី បានបន្តទៀតថា ប្រជាការពារគ្រប់រូបត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាពិសេសក្នុងរដូវកាលឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានជំរុញនិងលើកទឹកចិត្តដល់ប្រជាការពារទាំងអស់ ដែលបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាទ្រព្យសម្បត្តិជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសចូលរួមក្នុងកម្មវិធីបុណ្យផ្សេងៗ ការពារបាននៅសណ្ដាប់ធ្នាប់មានរបៀបរៀបរយសម្រាប់យានយន្តគ្រប់ប្រភេទ ពេលរាំកំសាន្តប្រជាការពារមានឆន្ទៈជួយដើរត្រួតពិនិត្យ និងការពារដល់បងប្អូនឱ្យមានសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ផងដែរថា សំម្លៀកបំពាក់ចំនួន៤២កំផ្លេ និងថវិកាមួយចំនួនជាអំណោយរបស់លោកជំទាវ លំ គន្ធារី និងឯកឧត្តម ប្លង់ ពុទ្ឋកូរ៉ា ប្រគល់ជូនដល់ប្រជាការពារចំនួន៤២នាក់ ស្ថិតនៅក្នុងឃុំក្តីដូង ដែលអញ្ជើញមកពី០៤ភូមិ គឺភូមិក្តីដូង ភូមិស្លែង ភូមិអូរសំបួរ និងភូមិពាមគ្រែង។