
គ្រាន់តែទឹករើបពឹប បទល្មើសនេសាទ កើតព្រាត ជលផលកំពង់ឆ្នាំងស្វែងបង្ក្រាបព្រោង
កំពង់ធំ/ គ្រាន់តែទឹកចាប់ផ្ដើមរើបពឹប បទល្មើសនេសាទ កើតមានព្រាត ជលផលខណ្ឌកំពង់ឆ្នាំង ស្វែងបង្ក្រាបព្រោង ដើម្បីទប់ស្កាត់ ទុកត្រីពងកូន។
ពលរដ្ឋឆ្ងល់ថា តើថ្មើរណា ទើបជនបំផ្លាញធនធានធម្មជាតិទាំងនោះ មានគតិ-គិតគូរ ពីផលប្រយោជន៍ជាតិ និងបន្សល់ទុកឱ្យក្មេងជំ នាន់ក្រោយ បានស្គាល់ពីទ្រព្យសម្បត្តិដ៏មហាសាលនៃស្រុកយើងផង។
ព្រៃដែលជាដែនជម្រក សម្រាប់បន្តពូជក៏អស់, កូនកើតមកភ្លាម មិនទាន់ទាំងបើកភ្នែកផង របាំងស្បៃមុង ក៏បន្តស្ទាក់ចាប់ស្ទើរគ្រប់ទីកន្លែង ដែលបណ្ដាលឱ្យសមត្ថកិច្ចរដ្ឋបាលជលផល ស្ទុះចេញ បង្ក្រាបដើម្បីទប់ស្កាត់ជាបន្តបន្ទាប់ ទាំងដើមរដូវបិទនេសាទ ទុក ឱ្យមច្ឆជាតិពងកូនបន្តពូជ។
ដោយឡែកនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ សមត្ថកិច្ច រដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង បានសហការជាមួយសហគមន៍នេសាទពោធិ៍ និងសហគមន៍នេសាទអន្លុងកញ្ចុះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅចំណុចបាយឆៅ ស្ថិតក្នុងភូមិសាស្ត្រ ភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ។
ជាលទ្ធផល ក្រុមការងារ បានឯកភាពគ្នា រុះរើរបាំងស្បៃមុង និងបំផ្លាញចោលនូវវត្ថុតាងដូចខាងក្រោម៖
-របាំងស្បៃមុងចំនួន ២០ កន្លែង ស្មើនឹង ៤០០ ម៉ែត្រ
-លបលូចំនួន ២០ មាត់
-បង្គោលចំនួន ២០០ ដើម
-ចាក់លែងកូនត្រីចម្រុះ ១៥ គីឡូ ។
-កម្លាំងសរុប ១២ នាក់
-មធ្យោបាយ ០៤ គ្រឿង ៕ ដោយការិយាល័យនិពន្ធ