
កំពង់ធំ៖ អ្នកសារព័ត៌ម្នាក់ រងការចោទប្រកាន់ថា ដៃម្ខាងចាប់ ដៃម្ខាងជួញ និងបើកដៃឲ្យប្រពន្ធចុង ប្រមូលទិញឈើ ចេញតំបន់ព្រៃឡង់ លក់ឲ្យមេឈ្មួញឈើធំម្នាក់ ឈ្មោះរ័ត្ន នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
យោងតាមបណ្ដាញទំនាក់ទំនង តេឡេក្រាមមួយ ត្រូវបានគេ ទម្លាយចេញ នូវគ្លីបសម្លេង បទសម្ភាសន៍ រវាងមេឈ្មួញឈើ ឈ្មោះរ័ត្ន និងអ្នកសារព័ត៌មាន ដែលមានអាជីព វ័យចំណាស់ម្នាក់ ។ ឈ្មោះរ័ត្ន បានទទួលស្គាល់ថា ខ្លួនប្រមូលទិញឈើ ពីប្រពន្ធ លោក ឈៀង វុទ្ធី ជាអ្នកសារព័ត៌មានពិតមែន។
បទសម្ភាសន៍នេះ ទំនងផ្ដើមឡើង ពីការរិះគន់ ពីប្រជាពលរដ្ឋនៅម្ដុំនោះ ជាខ្លាំង ដោយចោទប្រកាន់ថា លោក ឈៀង វុទ្ធី ហៅលាស់ ជាអ្នកសារព័ត៌មានម្នាក់ ដែលបាន និងកំពុង ប្រើ តួនាទី ដៃម្ខាងចាប់ ដៃម្ខាងជួញ និងបើកដៃឲ្យប្រពន្ធចុង ឈ្មោះនាង ញ៉ែម ខេន នៅភូមិ សំអោង ឃុំមានរិទ្ធ ប្រមូលទិញឈើខុសច្បាប់ ចេញពីដែនព្រៃឡង់ លក់ឲ្យមេឈ្មួញធំ ឈ្មោះរ័ត្ន នៅស្រុក សណ្ដាន់នោះ។
ប្រភពនេះ បានបន្តថា ម៉្យាងឲ្យតែលោក ឈៀង វុទ្ធី ឃ្នើសចិត្ត ឬមិនលក់ឈើ ឲ្យប្រពន្ធរបស់គាត់ គឺគាត់អន្តរាគមន៍ ហៅសមត្ថកិច្ចបរិស្ថាន ឬសមត្ថកិច្ចមេព្រៃ ទៅចាប់ភ្លាម ចំណែក ប្រជាពលរដ្ឋ រាយការណ៍ពីប្រពន្ធលោកឈៀង វុទ្ធី ហៅលាស់វិញ គឺសមត្ថកិច្ចខាងលើនេះ មិនខ្ចីអើពើនោះទេ។
ទាក់ទិននឹងរឿងនេះ គេហទំព័រ ខេរា ឌែលី «Khemradialy.om» បានចេញផ្សាយថា កាលពីម៉ោង១២ និង៣០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ។ គោយន្តដឹកឈើ ចំនួន៤គ្រឿង របស់នាង ញ៉ែម ខេន ជាប្រពន្ធ លោកឈៀង វុទ្ធី ហៅលាស់ បានដឹកចេញពីភូមិសំអោង ឆ្ពោះ ទៅគេហដ្ឋាន មេឈ្មួញឈើ ឈ្មោះរត្ន័ ដែលមានឈើប្រមាណ២០ម៉ែត្រគូប។
ក្នុងនោះ មានការសុំឲ្យមានការអន្តរាគមន៍ បង្ក្រាប តែលោកប៊ុន ធី នាយខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ធំ បានត្រឹមមានចំណាត់ខ្យល់ តែប៉ុណ្ណោះ ទីបំផុតលោក តុប កក្ដា ប្រធានមន្ទីរ បរិស្ថាន ខេត្តកំពង់ធំ បានចេញបញ្ជា បង្ក្រាបបាន គោយន្តដឹកឈើ ៣គ្រឿងផ្សេងទៀត តែមិនមែន ជាគោយន្តដឹកឈើ របស់ប្រពន្ធលោក ឈៀង វុទ្ធី នោះទេ ចំណែកគោយន្តដឹកឈើ៤គ្រឿង របស់នាង ញ៉ែម ខេន ប្រពន្ធរបស់ឈៀង វុទ្ធី ត្រូវបានបើកចូលផ្ទះមេឈ្មួញ ឈ្មោះរ័ត្ន ដោយសុវត្ថិភាព។
ជាមួយគ្នានេះដែរ លោក ឈៀង វុទ្ធី ហៅលាស់ បានមានប្រតិកម្មយ៉ាងខ្លាំង ចេញមុខឡាយ តាម អាខោន ហ្វេសប៊ុក ដែលមានឈ្មោះថា« យើងចូលរួមការពារព្រៃឡង់ទាំងអស់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ » ក្នុងនោះ លោកបាន ច្រានចោលការចោទប្រកាន់ទាំងនេះ ហើយសុំអ្នកចោទប្រកាន់ និងអ្នកចេញផ្សាយទាំងនោះ ទៅបង្ហាញភ័ស្តតាង ដោយលោកប្រមានថា ចំលោកនឹង ចំណាត់ការទៅតាមផ្លូវច្បាប់។
ដោយឡែក ឈ្មួញឈើ ឈ្មោះ រ័ត្ន វិញ ត្រូវបានប្រភពព័ត៌មាន ចោទប្រកាន់ទាំងនោះ លើកឡើងថា ជាឈ្មួញឈើធំជាងគេ នៅក្នុងស្រុកសណ្ដាន់ ដែលមិនមាន សមត្ថកិច្ចណាបង្ក្រាប ឲ្យមានប្រសិទ្ធភាពនោះទេ បច្ចុប្បន្នឈ្មួញនេះ បានកាងប្រមូលទិញឈើ ស្ទើរតែអស់ ចេញ ដែនព្រៃឡង់ ក្រោមដែនសមត្ថកិច្ចបរិស្ថាន នៅតំបន់ច្រកតោល និងព្រះអាទិត្យ ដែលស្ថិតនៅក្នុងឃុំមានរិទ្ធ និងឃុំព្រះអាទិត្យ ស្រុកសណ្ដាន់ ហើយដឹកជញ្ជូនបន្ត តាមរថយន្តកូរេ ចំណុះ៥តោនទៅ ស្តុកនៅដេប៉ូរបស់ខ្លួន នៅភូមិតឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។
ចំពោះព័ត៌មាននេះ សមត្ថកិច្ចមេព្រៃ ដែលជាដែនសមត្ថកិច្ចពាក់ព័ន្ធនឹងសកម្មភាព ដឹកជញ្ជូន បទល្មើសព្រៃឈើនេះ ពុំត្រូវបានអ្នកសារព័ត៌មាន ព្យាយាមសុំបំភ្លឺបាននោះទេ នៅពេលនេះដោយទូរស័ព្ទរបស់ពួកគាត់ខ្លះ ហៅចូលហើយ តែពុំទទួល និងខ្លះទៀត ហៅមិនចូល៕