
អភិបាលស្រុកខំបម្រើប្រជាជន ដោយឧត្តមមគតិ, ប្រជាជនអាណិតស្រឡាញ់ ប៉ុន្តែកូនចៅរឹបម៉ាស្រឡាញ់ ក្នុងរឿងត្រាក់ទ័រភ្ជួររាស់ដីស្រែ
កំពង់ឆ្នាំង÷ករណីនេះ បានកើតឡើង នៅឃុំសំរោងសែន ស្រុកកំពង់លែង ខណ: ដែលត្រាក់ទ័រ ចុះភ្ជួររាស់ដីស្រែ ត្រៀមបង្កបង្កើនផល នៅរដូវវស្សា និងត្រៀមសម្រាប់រដូវប្រាំង ក្រោយពេលទឹកសម្រក់។
ប៉ុន្តែត្រូវបានជនឆក់ឱកាស ជាពិសេសក្រុមដើរល្បាត ការពារដែនព្រៃ លិចទឹក ជាជម្រកត្រីពងកូននោះ បានប្រើស្នៀតកន្ទេលបន្លំដេក រាប់គ្រឿងចក្រ យកលុយពេញៗដៃទៅវិញ ទោះជាត្រាក់ទ័រនោះ ភ្ជួររាស់ ដីស្រែ ក្នុងតំបន់អនុញ្ញាត្តក្ដី។
និងបង្កឱ្យមានបទល្មើសឈូសឆាយ ដីព្រៃជាច្រើនករណីផងដែរ ដែលធ្វើឱ្យប្រជាជនយល់ច្រឡំថា បើមិនត្រូវជាមួយក្រុមនោះ
ម្ដេចនឹងអាចធ្វើបាន បើក្រុមល្បាតនោះ ស្អិតដូចកាវ៥០២។
ថ្មីៗនេះ នៅឃុំសំរោងសែន ដីព្រៃក្រៅតំបន់អនុក្រិត្យរាជរដ្ឋាភិបាលកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋ ជាច្រើនកន្លែងត្រូវបានរងការឈូសឆាយ រួមទាំង តំបន់អភិរក្សបឹងផ្សោត ចំណុចដៃកង់រទេះ ផងដែរ។
យោងតាមប្រភពប្រភពព័ត៌មាន ពីឃុំសំរោងសែន បានឱ្យដឹងថា ត្រាក់ទ័រភ្ជួររាស់ ដែលមានប្រដាប់រុញពីមុខផងនោះ មានពី៤ទៅ៦ក្រុម សរុបប្រមាណជាង៣០គ្រឿង នៅឃុំសំរោងសែន ក្នុងនោះមាន២ក្រុម ស្មើនឹង២ម្ចាស់ដែលមានត្រាក់ទ័រច្រើនជាងគេ គឺមានពី៨ ទៅជាង១០គ្រឿង។
ប្រភពនេះ បន្តថា ក្រុមនោះហើយ ដែលលួចឆ្មក់វាយដីព្រៃ ជួនធ្វើនៅពេលយប់ គឺជាក្រុមត្រាក់ទ័រ ម្ចាស់ឈ្មោះ អូន និងប្ដី ឈ្មោះធា នៅភូមិប៉ប្រក់ ឃុំសំរោងសែន ។
ក្រុមត្រាក់ទ័រ ឈ្មោះអូន នេះ ត្រូវបានសមត្ថកិច្ច ក្រុមប្រដាប់អាវុធ ដែលអ្នកស្រុកនោះហៅថា ជាដៃស្ដាំរបស់ស្រុកនោះ ទាន់ពីរដងហើយ ក្នុងការឈូសឆាយដីព្រៃក្រៅតំបន់អនុក្រិត្យនេះ គឺលើកទី០១ នៅរសៀលម៉ោង១ និង២០នាទី ថ្ងៃទី២៤ ខែឧសភា នៅខាងជើងបឹងមន្ទិល ត្រូវបានក្រុមល្បាតនោះ ផ្អឹបទុកនៅនឹងកន្លែង មិនរាយការណ៍ទៅជំនាញ និងអភិបាលស្រុកឡើយ ។
ខណ:នោះ អ្នកសារព័ត៌មានហៅទូរស័ព្ទទៅសម្ភាសន៍ ឯកឧត្តមអភិបាលស្រុកកំពង់លែង និងនាយខណ្ឌ រដ្ឋបាលជលផលកំពង់ឆ្នាំង ប៉ុន្តែពួកគាត់សុទ្ធតែ ឆ្លើយថា អត់ដឹង …
កន្លងផុតមួយល្ងាច និងមួយយប់ លុះព្រឹកឡើងថ្ងៃទី ២៥ ទើបរដ្ឋបាលស្រុកកំពង់លែង ឆ្លើយថា គឺបានស្រាវជ្រាវហើយ គឺលោកអធិការ ថាមានករណីនេះមែន តែដោះលែងនៅនឹងកន្លែង បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំ ។
និងលើកទី០២ នៅល្ងាចថ្ងៃទី០៦ ខែមិថុនា គឺឈូសឆាយ នៅចំណុចតាសែត ក្នុងភូមិប៉ប្រក់ “នេះ ! បើយោងតាម ការឱ្យដឹងពីសហគមន៍ឃុំសំរោងសែន” ហើយភ្លាមៗនោះ ត្រូវបានយកទៅរក្សាទុកនៅសាលាឃុំ ប៉ុន្តែនៅល្ងាចថ្ងៃទី០៧ ក៏បានដោះលែងទៅវិញ។
លោកតាត សីហាក់ នាយផ្នែកជលផលកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា សមត្ថកិច្ចជលផល គ្រាន់តែជាអ្នកអនុវត្ត ហើយការដោះលែង គឺផ្អែកតាមការសំណូមពរ និងសម្រេច ពីរដ្ឋបាលអាជ្ញាធរ។
ទាក់ទិននឹងករណីត្រាក់ទ័រភ្ជួររាស់ដីស្រែ នៅឃុំសំរោងសែននេះ គឺគ្មាន ត្រាក់ទ័រណាមួយអាចគេចផុតពីការបង់លុយ ឬសន្យានឹងបង់លុយឱ្យ ពួកសមត្ថកិច្ចទាំងនោះឡើយ ទាំងត្រាក់ទ័រភ្ជួររាស់ដីស្រែស្របច្បាប់ និងត្រាក់ទ័រ របៀបត្រីងៀតឆ្លៀតពង។
គឺមួយគ្រឿងៗ សរុបរាប់លានរៀល ឯត្រាក់ទ័រ របៀបត្រីងៀតឆ្លៀតពង គឺគិតតម្លៃផ្សេងបន្ថែមទៀត។
មានអង្គភាពខ្លះ ចំណែកមេផង , រងផង និងអ្នកដើរល្បាតផង រួមទាំងឃុំ-ប៉ុស្តិ៍ សុទ្ធតែមានចំណែក ឯម្ចាស់ត្រាក់ទ័រសុច្ចរិត ថ្ងូរ..រហ៊ឹស។
លោក លី ឡា នាយខណ្ឌ ជលផល កំពង់ឆ្នាំង ធ្លាប់បានប្រាប់ថា គោលនយោបាយរាជរដ្ឋាភិបាល មិនហាមត្រាក់ទ័រភ្ជួររាស់ដីស្រែនោះទេ ឱ្យតែមានការពិនិត្យត្រឹមត្រូវ របស់សមត្ថកិច្ច។
ផ្ទុយទៅវិញមានតែលើកទឹកចិត្ត និងបង្កលក្ខណ:ឱ្យប្រជាពលរដ្ឋបង្កបង្កើនផល ឯការឱ្យពួកគាត់ធ្វើច្បាប់ស្នើសុំនោះ គឺគ្រាន់ ជាវិធានការទប់ស្កាត់ ដល់ការលួចឆ្មក់ឈូសឆាយដីព្រៃហាមឃាត់តែប៉ុណ្ណោះ។
ឯកឧត្តមអភិបាលស្រុកកំពង់លែង យ៉ែម លក្ខិណា បានប្រាប់ថា លោកមិនបានដឹងរឿងនោះទេ ការដឹកនាំរបស់លោក ផ្អែកតាមការណែនាំ របស់ឯកឧត្តមអភិបាលខេត្ត និងគោលនយោបាយរាជ រដ្ឋាភិបាល គឺសម្ដេចតេជោ ដឹងតែប្រឹងប្រែងបម្រើប្រជាជន ដោយក្ដី អាណិតស្រឡាញ់ប្រជាជនពិតៗ និងប្រឹងអភិវឌ្ឍ លើគ្រប់វិស័យក្នុងស្រុក។
មតិប្រជាជននិយាយថា ស្នៀតកន្ទេលធំបន្លំដេក នៃមន្ត្រីនេះ វាជាប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកពីរបីនាក់នោះ តែប៉ុណ្ណោះ…វាមិនបានធ្វើឱ្យប្រជាជនទូទៅពេញចិត្ត និងគាំទ្រនោះទេ ។
និងធ្វើឱ្យប្រជាជនច្រើនលើសលប់ មើលឃើញពីទង្វើមិនប្រក្រតី នៃការដឹកនាំ នៅមូលដ្ឋាននោះ ទៅវិញ។
ចង់មិនចង់ នៅពេល ដែលមានការបង្ក្រាប នឹងអាចធ្វើឱ្យ ជនឆក់ឱកាស បំភ័ន្ធពីប្រជាប្រិយភាព គោលនយោបាយ ដឹកនាំ នៅក្នុងមូលដ្ឋានទៀតផង៕