មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរស្រុកស្ទោង បានចុះធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក

0
70

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរស្រុកស្ទោង បានចុះធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក

    (កំពង់ធំ)÷ នៅសាលាឃុំប្រឡាយ ស្ថិតក្នុងឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោអធិបតីភាព លោក ឈរ ដារ៉ា អនុប្រធានមន្ទីរ តំណាងលោក ផា ណង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងលោក ព្រំ វ៉ាន់ឌី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង និងមន្ត្រីរាជការសរុប៨៧នាក់ ស្រី១៦នាក់ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ។
   
       លោក ឈរ ដារ៉ា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអត្ថិភាពមួយដ៏សំខាន់ផងដែរ ដែលសម្តេចតេជោបានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺមាន ស្ពាន និងផ្លូវថ្នល់ជាច្រើន ជាពិសេសផ្លូវជាតិលេខ ១ ខ្ទង់ និងលេខ ២ ខ្ទង់ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីខេត្តមួយទៅខេត្តមួយនៅគ្រប់តំបន់នៃប្រទេសកម្ពុជា។
    
        លោកអនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានបន្តទៀតថា ការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនាពេលនេះ គឺដើម្បីរួមចំណែកបង្ការ ការពារ និងទប់ស្កាត់គ្រោះថ្នាក់រាចរណ៍កុំឲ្យកើតមាន ដែលខ្លឹមសារនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មានគោលបំណង÷១. រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ២. ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន។ ៣. ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន។
  ៤. ទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។
  
       លោក ព្រំ វ៉ាន់ឌី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានមានប្រសាសន៍ថា ដើម្បីបង្ការ ការរងរបួស និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋយើង គឺត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ផ្លូវកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ និងឯកជន ហើយបានកាត់បន្ថយនូវភាពក្រីក្រនៅក្នុងគ្រួសារក៏ដូចជានៅក្នុងសង្គមជាតិផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាផ្លាស់ប្ដូរឥរិយាបថមិនគោរពច្បាប់ចរាចរណ៍មកមានទម្លាប់គោរពច្បាប់នេះវិញឱ្យបានត្រឹមត្រូវ។ ក្នុងពិធីផ្សព្វផ្សាយនេះមានអ្នកចូលរួមជាច្រើនបានលើកសំណួរយ៉ាងច្រើនផុលផុសដែលពាក់ព័ន្ធនឹងការប្រើប្រាស់ផ្លូវ សិទ្ធិអាទិភាព និងអំពីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ដោយវាគ្មិនបានធ្វើការឆ្លើយបកស្រាយបានយ៉ាងក្បោះក្បាយ។

      លោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង បានមានប្រសាស៍ ផ្តាំផ្ញើ និងបិទពិធីផ្សព្វផ្សាយច្បាប់ថា ការផ្សព្វផ្សាយច្បាប់នេះគឺមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងការសិក្សាស្វែងយល់ខ្លឹមសារ ដើម្បីរួមចំណែកអនុវត្តក៏ដូចជាការពារ និងទប់ស្កាត់កុំឲ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើខ្លួនយើង គ្រួសារយើង និងនៅក្នុងសហគមន៍របស់យើង។ បន្ទាប់ពីបានទទួលការផ្សព្វផ្សាយនេះទៅ សូមលោក លោកស្រីទាំងអស់យកខ្លឹមសារទាំងអស់នេះ ទៅផ្សព្វផ្សាយបន្តនៅក្នុងក្រុមគ្រួសារ និងក្នុងសហគមន៍របស់យើងបានយល់ដឹងទាំងអស់គ្នា ជាពិសេស ក្រុមប្រឹក្សាឃុំត្រូវយកច្បាប់នេះមកធ្វើការផ្សព្វផ្សាយជារៀងរាល់ខែ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ក្នុងការការពារអាយុជីវិតមនុស្ស សត្វនៅក្នុងភូមិ ឃុំរបស់យើង។
  យើងរួមគ្នាការពារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិ ឃុំបាន គឺជាការរួមចំណែកក្នុងការរក្សាសន្តិសុខសុវត្ថិភាពល្អសម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here