
សិក្ខាសាលាលើកកម្ពស់ការយល់ដឹង ស្តីពីដំណើរការបង្កើតអាជីវកម្មស្របច្បាប់ និងការអនុវត្តសុវត្ថិភាពចំណីអាហារ និងអនាម័យសម្រាប់សហគ្រាសជលផល និងកែច្នៃកសិម្ហូបអាហារ
(កំពង់ធំ)÷ ឯកឧត្តម មៀវ សុខទ្រី ប្រធានសហគមន៍ អ្នកផលិតចំពីរអាហារ លោកស្រី ហែម មេត្តា តំណាងរបស់គម្រោង CAPFISH, UNIDO លោក អេង រ័ត្នមុន្នី (វិស្វករចំណីអាហារ)អនុប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ និងម្ចាស់អាជីវកម្មក្នុងខេត្តកំពង់ធំ បានអញ្ចើញចូលរួមក្នុងសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពីដំណើរការបង្កើតអាជីវកម្មស្របច្បាប់ និងការអនុវត្តសុវត្ថិភាពចំណីអាហារ និងអនាម័យសម្រាប់សហគ្រាសជលផល និងកែច្នៃកសិម្ហូបអាហារ នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។
លោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំបានលើកឡើងពី ពីការទាក់ទងការផលិត ការកែច្នៃ ការវេចខ្ចប់ ចំណីអាហារប្រកបដោយគុណភាពមានការទទួលខុសត្រូវខ្ពស់ និងធានានូវសុវត្ថិភាពចំណីអាហារ និងអនាម័យ។ សិក្ខាកាមអញ្ជើញមកពីរោងចក្រ សហគ្រាស និងសិប្បកម្ម រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមសិក្ខាសាលានេះ ដើម្បីក្រេបជញ្ជក់យកនូវចំណេះដឹង និងបច្ចេកទេសនានាពីគ្រូឧទ្ទេសនាមមានជំនាញ និងបទពិសោធន៍ខ្ពស់អញ្ជើញមកពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តម មៀវ សុខទ្រី ប្រធានសហគមន៍ អ្នកផលិតចំណីអាហារ បានមានប្រសាសន៍ថា សម្រាប់សិក្ខាសាលាថ្ងៃនេះគឺផ្ដោតទៅលើផលិតផល ដែលផលិតបានប្រកបដោយអនាម័យ និងគុណភាព មិនប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ អ្វីដែលល្អប្រសើរទៅលើផលិតផលគឺត្រូវពិនិត្យទៅលើផ្លាកសញ្ញា ថ្ងៃផលិតរបស់សិប្បកម្មនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីពង្រឹងផលិតផលក្នុងស្រុកប្រកបដោយក្បួនខ្នាតត្រឹមត្រូវ ដោយនាំទៅក្រៅប្រទេសមានតម្លៃសមរម្យ។
ជាចុងក្រោយឯកឧត្តម មៀវ សុខទ្រី ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ទទួលចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីយកទៅអនុវត្តក្នុងសិប្បកម្មរបស់ខ្លួនប្រកបដោយភាពច្បាស់លាស់ មិនមានបញ្ហាដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផលិតផលដែលបានផលិត ក្នុងការប្រកួតនៅលើទីផ្សាររបស់ខ្លួននោះឡើយ។
សូមបញ្ជាក់ថា គ្រូឧទ្ទេសដែលបានសម្របសម្រួលសុទ្ធតែមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ធ្វើបទបង្ហាញបានច្បាស់ៗពីខ្លឹមសារដល់សិក្ខាកាម ដែលបានចូលរួម និងមានសំណួរចម្លើយ ពីបញ្ហាប្រឈមមួយចំនួនដើម្បីរកដំណោះស្រាយ ជូនដល់អាជីវករដើម្បីលើកស្ទួយផលិតផលរបស់ខ្មែរយើង ឱ្យមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់។