លោកហៃ មនោរម្យ ចៅហ្វាយរាស្ត្រនៅស្រុកជលគិរី កំពុងរិះរកមធ្យោបាយ និងបញ្ជាប៉ូលីស ឲ្យទៅទប់ស្កាត់ប្រជាពលរដ្ឋក្នុងការផ្ដិតមេដៃ ប្ដឹងសុំដក លោកចេញពីអភិបាលស្រុក

0
805

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង៖ ថ្មីៗនេះ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កំពុងស្ថិតក្នុងសភាពតឹងតែង ដែលប្រជាពលរដ្ឋបានទម្លាយរឿងអាស្រូវជាច្រើន និងកំពុងដំណើរការផ្ដិតមេដៃ ប្ដឹងសុំដកលោក ហៃ មនោរម្យ ចេញពីអភិបាលស្រុក ដោយពួកគាត់ ចោទប្រកាន់ លោកអភិបាលស្រុកនេះថា ប្រើអំណាចគៀបសង្កត់ គំរាមកំហែង មន្ត្រី និងប្រជាពលរដ្ឋណា ដែលមិនស្របនឹងទង្វើរបស់ខ្លួន។

នៅខណៈដែលកំពុងផ្ទុះរឿងអាស្រូវ និងមានការភ្ញាក់ផ្អើលពេញទាំងស្រុក និងតាមបណ្ដាញព័ត៌មានសង្គមនេះ លោកហៃ មនោរម្យ ក៏បាត់វត្តមាន ពីស្រុកជលគីរីដែរ ដោយល្បីថា លោក កើត ជម្ងឺកូវីដ ១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងនោះ ត្រេកអរ និងខ្លះទៀតដាក់ទំនាយបន្ថែម ឲ្យងាប់ទៀតផង ។

ប៉ុន្តែនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ លេចព័ត៌មានពីសាលាស្រុកជលគិរី មកថា លោក ចៅអភិបាលស្រុករូបនេះ បានហៅមន្រ្តីស្រុកជំនិត ៤-៥នាក់ ទៅជួបលោក នៅផ្ទះដែលលោកជួលស្នាក់នៅ នៅឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ហើយបានខលទៅបញ្ជាប៉ូលីសស្រុក ឲ្យទប់ស្កាត់រឿងអាស្រូវទាំងនោះ ព្រមទាំងការផ្តឹតមេដៃប្ដឹងរបស់ប្រជាពលរដ្ឋផងដែរ។

ប្រភពព័ត៌មានដដែលនេះ បានបន្តថា នេះ មិនមែនជាលើកទីមួយទេ ដែលលោកចៅ ហ្វាយ ស្រុកជលគិរីរូបនេះ បានបញ្ជាឲ្យសមត្ថកិច្ចប៉ូលីស ប៉េអ៊ឹម និងរដ្ឋបាលភូមិឃុំ ទប់ស្កាត់មិនឲ្យមាន មតិ និងឆន្ទ: ប្រជាពលរដ្ឋ ប្រឆាំងនឹងទង្វើរបស់ខ្លួន។
ដូចជារឿងអាស្រូវចុងក្រោយ បិទប្រជាកសិករ ឃុំព្រៃគ្រី មិនឲ្យបូបទឹកដាក់ស្រែប្រាំង ដោយហៅតំណាងប្រជាកសិករ ,សហគមន៍ទឹក និងអាជ្ញាធរភូមិឃុំ ទៅប្រជុំនៅសាលាស្រុក គឺលោកចៅស្រុករូបនេះ មិនស្ដាប់ហេតុផលភាគី ប្រជាកសិករ, សហគមន៍ទឹកលើកឡើងនោះទេ ផ្ទុយទៅវិញ បានប្រើសំដីអសុរោះ និងទះតុ សំឡុតការលើកឡើង របស់ប្រជាកសិករ ដែលធ្វើឲ្យប្រជាកសិករ និងមន្ត្រីរដ្ឋបាលភូមិ-ឃុំ ខ្លះងើបដើរចេញពីអង្គប្រជុំ។

លទ្ធផលនៃអង្គប្រជុំនោះ គឺចៅហ្វាយរាស្ត្ររូបនេះ បានគំរាមមន្ត្រីភូមិ ឃុំ ឲ្យទប់ស្កាត់ជាដាច់ខាត មិនឲ្យប្រជាកសិករទាំងនោះ កេណ្ឌគ្នាប្រមូលផ្ដុំ ឬផ្ដិតមេដៃប្ដឹងតវ៉ាទៅណា ឲ្យសោះ បើមិនដូច្នេះទេ ភូមិឃុំ ទាំងនោះត្រូវទទួលខុសត្រូវ។

រឿងអាស្រូវដែលប្រជាពលរដ្ឋស្រុកជលគិរី បានចោទប្រកាន់ លោកអភិបាលស្រុករូបនេះ គឺមានដូចខាងក្រោម៖
គឺតាំងពីចៅហ្វាយស្រុកនេះ មកនៅកាលណា គឺលក់អស់ខ្ទេចខ្ទី តាំងពីដី ទីតាំងប៉ូលីសស្រុក ,ដីក្រោយសាលាស្រុក ,ដីចញ្ចើមស្រះខាងលិច មុខសាលាស្រុក ,ដីទីផ្សារ នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ឯដីទីផ្សារគឺលក់១ប្លង់ពី៣០០០ ទៅ៣៥០០ដុល្លា (មាន២៧ប្លង់) ហើយធ្វើប្លង់កាន់កាប់ឲ្យទៀតផង ។

ចំពោះគ្រឿងចក្រ កាយដីភ្នំ ,កាប់ដីស្រែប្រាំង និងស្ដាប្រឡាយ។ល។ គឺលោកហៃ មនោរម្យ កំណត់យកលុយក្នុង១គ្រឿងចក្រ ២០០ដុល្លា ក្នុងនោះ មានគ្រឿងចក្ររាប់សិបគ្រឿង។

លោកហៃ មនោរម្យបានបើកដៃឲ្យមានការ ឈូសឆាយទន្ទ្រានដី ព្រៃលិចទឹក ស្ទើរអស់ទាំងស្រុងហើយនៅស្រុកជលគិរី តួយ៉ាងដូចជាព្រៃធំ មានទំហំប្រមាណ៤០ហិតាជាដើម។

ថ្មីៗនេះ លោកហៃ មនោរម្យ បានយកលុយពី ម្ចាស់សាឡាងឈ្មោះផេង ម៉ើ ចំនួន ៤០០០ ដុល្លា នៅកំពង់ដរ ឃុំកំពង់អូស ជាថ្នូរមិនអោយអ្នកថ្មី ចូលទៅធ្វើអាជីវកម្ម ដែលខុសនឹង ទីផ្សារសេរី។

នៅឆ្នាំ២០១៩-២០២០ លោក ហៃ មនោរម្យ បានឲ្យមន្ត្រីជំនិតរបស់ខ្លួន ឈ្មោះ ទិត្យ កំសាន្ត នៅអន្តរវិស័យ និងកែវ វង្សតារា ប្រធានភូមិបាលស្រុក និងលោក ម៉ុត ម៉េង នាយរដ្ឋបាលស្រុក ទៅគំរាមកំហែងជំរិតលុយ ពីប្រជាកសិករ ១១គ្រួសារ ធ្វើស្រែប្រាំង នៅចំណុចកប់ចេស ក្នុងភូមិសាស្រ្ត ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ក្នុង១ហិតា ១០០ដុល្លា បើមិនបង់ទេ ពួកគេនឹងដកហូតយកដី មិនឲ្យធ្វើ ហើយចាប់ញាត់គុកទៀផង ដោយសំអាងថា ជាដីព្រៃរបស់រដ្ឋ ដែលប្រជាកសិករទាំងនោះ ចូលមកកាន់កាប់ ដោយខុសច្បាប់ តែបើបង់លុយតាមកំណត់ គឺគេធ្វើកិច្ចសន្យាឲ្យខ្ចីដីធ្វើ។

ជាមួយគ្នានឹងការគំរាមកំហែងនេះ មន្ត្រីសាលាស្រុកដែលដឹកនាំដោយលោក កែវ វង្សតារា ហៅវង្ស បានបាញ់ថ្នាំសម្លាប់ស្រូវប្រាំង របស់ប្រជាកសិករ នៅតំបន់នោះ អស់ប្រមាណ ១ហិតា ៨០អារ និងដកយកម៉ាស៊ីនបូមទឹក និងគោយន្តចំនួន ៤-៥គ្រឿងទៀតផង ជាការព្រមាន។
ទង្វើនេះ បានធ្វើឲ្យប្រជាកសិករទាំងនោះ ប្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង និងអង្គភាព ប្រឆាំងអំពើពុករលួយផងដែរ តែរហូតមកទល់ពេលនេះ មិនទាន់ឃើញមានចំណាត់ការអ្វី លើមន្ត្រី មហាខូចទាំងនោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋស្រុកជលគិរី ខ្លាចរអារ ចៅហ្វាយស្រុកនេះ ល្បីថា មានខ្នងធំ។

នៅក្នុងកំឡុងចុង ខែមិថុនា ឆ្នាំ២០២១នេះ ចៅហ្វាយរាស្ត្ររូបនេះ បានបញ្ជាឲ្យកូនចៅ ទៅហាម និងធ្វើកិច្ចសន្យា មិនឲ្យប្រជាកសិករ បូបទឹកដាក់ស្រែប្រាំង និងបញ្ជាឲ្យបញ្ឈប់ ម៉ាស៊ីនបូបចេញប្រឡាយមេទឹក របស់សហគន៍ទៀតផង ដោយសំអាងថា ប្រព័ន្ធធារាសាស្រ្តនេះ មានម្ចាស់អាជ្ញាប័ន គេដេញបាន មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ទាក់ទិននឹងការហាមបូបទឹកនេះ លោកចៅហ្វាយស្រុក ហៃ មនោរម្យ បានហៅតំណាងប្រជាកសិករ ,សហគមន៍ និងអាជ្ញាធរភូមិ ឃុំ ទៅប្រជុំពិភាក្សា តែលោកចៅហ្វាយស្រុកនេះ មិនស្ដាប់សំដីប្រជាកសិករ, សហគមន៍ទឹក និងរដ្ឋបាលភូមិឃុំនោះទេ គឺលោកប្រើពាក្យប្រមាថមើលងាយ ព្រមទាំងទះតុ ចង្អុលមុខ គំរាមប្រជាកសិករ នៅក្នុងអង្គប្រជុំនោះទៀតផង បណ្ដាលប្រជាកសិករ និងអាជ្ញាធរខ្លះងើបដើរចេញពីអង្គប្រជុំ។
បច្ចុប្បន្ន មុននឹងបាត់វត្តមាន លោក អភិបាលស្រុក ពីស្រុកជលគិរី ដោយល្បីថា លោកកើត ជម្ងឺកូវីត ១៩នោះ គឺលោកអភិបាលស្រុក បានអនុញ្ញាត ឲ្យក្រុមឈ្មួញគ្រឿងចក្រដឹកអាចម៍ដី មកចាក់នៅមុខស្រះសាលាស្រុក ធ្វើជាផ្ទះល្វែង ដោយមិនខ្វល់ ពីការបំផ្លាញផ្លូវកៅស៊ូ របស់រដ្ឋ បណ្ដាលឲ្យខូចយ៉ាងធ្ងន់ធ្ងរនោះទេ។

ប្រជាពលរដ្ឋស្រុកជលគិរី សុំឲ្យឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត ដែលទើបនឹងឡើងថ្មី និងសម្ដេច ស ខេង មេត្តា ចាត់កម្លាំង ដែលមានឧត្តម មគតិពិត ចុះស្រាវជ្រាវពិនិត្យ នូវ រឿងខាងលើ ដើម្បីកុំឲ្យខូចគោលនយោបាយរាជរដ្ឋាភិបាល ព្រោះលោក ហៃ មនោរម្យ មិនមែនអភិបាលស្រុក បម្រើរាស្ត្រដូចប្រសាសន៍សម្ដេច ហ៊ុន សែន ថា នោះទេ គឺគាត់ជាចៅហ្វាយរាស្ត្រ៕ ដោយ លោក ខែម លាភ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here