
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាគណៈធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ
កំពង់ធំ/នៅក្នុងពិធីនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្តកំពង់ធំ និងមន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋជាច្រើនកុះករ បានធ្វើគាវនកិច្ចអបអរ ចំពោះវត្តមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងប្រតិភូអម ដំណើរ ពោរពេញ ដោយស្នាមញញឹម ស្រឡាញ់គាំទ្រ ដោយពិតៗ។
នាឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ឯកឧត្ដមសូមចូលរួមអបអរសាទរ និងអនុមោទនា ចំពោះការទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមដ៏ចំណាស់ ដែលមានអាយុកាលប្រមាណជាង២០០ ឆ្នាំនេះ ដែលកើតឡើងនៅក្រោមវប្បធម៌ នៃការចែករំលែក ពីសំណាក់ពុទ្ធបរិស័ទ្ទជិតឆ្ងាយ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព ដែលបង្កលក្ខណៈដល់ការរួបរួមក្នុងធ្លុងសាមគ្គីជាតិខ្មែរដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី និងសាសនា ដែលបុព្វបុរសយើងបន្សល់ទុកឱ្យ។
ឯកឧត្តមបណ្ឌិត បន្តថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី, ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាព នៃការបំផ្លិចបំផ្លាញ ដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍន៍ រីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ដូច្នេះ សូមចូលរួមថែរក្សាឱ្យបាននូវ សុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់ អាចត្រលប់មកវិញសារជាថ្មីឱ្យសោះនៅលើទឹកដីដ៏ពិសិដ្ឋរបស់យើង។
សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធសេរីភាពក្នុងការ គោរពប្រតិបត្តិជំនឿសាសនាផងដែរ ដូចដែលស្តែងឡើងតាមរយៈការអបអរសាទរ ការសម្ពោធឆ្លងសមិទ្ធផល ក្នុងផ្នែកពុទ្ធចក្រ នាពេលនេះ។
ឯកឧត្តមបណ្ឌិត បន្តទៀតថា តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ក្នុងឆ្នាំ២០២៣ នេះ គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី កំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ដោយសម្រេចបាននូវការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ ហើយជាពិសេស គឺការផ្សព្វផ្សាយអំពីការប្រែមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ ដោយឈានចេញពីប្រទេស ដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច ប្តូរទៅជាទឹកដីកោះសុខសន្តិភាព, ស្ថិរភាព និងសុខដុមរមនាត្រជាក់ត្រជុំ ព្រមជាមួយនឹងការបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភក្តិអន្តរជាតិ មកពីគ្រប់ទិសទី។
សុខសន្តិភាព គឺបាននាំមកនូវអ្វីៗ ដែលកំពុងកើតមាននៅពេលនេះ គឺជាការលះបង់គ្រប់យ៉ាងរបស់សម្ដេច តេជោ រួម ទាំងអាយុ រាងកាយផងដែរ៕ លោក ហ៊ី ឈុនលី