
ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង ខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន នៅស្រុកប្រាសាទសំបូរ
(កំពង់ធំ)÷នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ និងសហការី បានចុះពិនិត្យមានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ ផ្តល់ជូនលោកស្រី ហៀង ឡៃជី ភេទស្រី អាយុ៤០ឆ្នំា នៅភូមិទួលធ្នង់ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួន។
តាមរបាយការណ៍របស់លោកស្រី ឃួន ឡេអភិបាលរងស្រុកប្រាសាទសំបូរ បានបញ្ជាក់ថា នៅវេលាម៉ោង០៥:៣០នាទីព្រឹក នៅថ្ងៃទី០៣ ខែឧសភា ឆ្នំា២០២៣ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ឈ្មោះ ហៀង ឡៃជី ភេទស្រី អាយុ៤០ឆ្នំា មានសមាជិក១នាក់ ខូចខាតទ្រព្យសម្បត្តិដូចជា÷ ផ្ទះឈើប្រក់ស័ងសីជញ្ជាំងក្តាទំហំ០៥ម៉ែត្រx០៦ម៉ែត្រ លុយ១៥.៥០០.០០០រៀល និងលុយដុល្លា ៥៥០០$ មាស០៤ដំឡឹង០៥ជី០៥ហ៊ុន ផ្លាកទី០២ជី (រកឃើញមាស០៣ដំឡឹង០៥ជី០៥ហ៊ុន) គ្រឿងកំប៉ុងមូយចំនួន ម៉ូតូម៉ាកវេវ សេរីឆ្នាំ២០២០១គ្រឿង សៀវភៅគ្រួសារ ប្លង់ដី អត្តសញ្ញាណប័ណ្ណ និងសម្ភារៈមួយចំនួនទៀត។ (មូលហេតុឆេះ ដោយសារយកសំាងទៅដាក់លើផ្ទះ បែកកានក្បែរចង្ក្រានទើបបណ្តាលឱ្យឆាបឆេះតែម្តងទៅ)។
លោកអភិបាលស្រុកប្រាសាទសំបូរ ឃីម សុខឃាងបានចូលរួមសោកស្ដាយបំផុត ចំពោះការឆាបឆេះភ្លើងឆេះផ្ទះដោយការធ្វេសប្រហែសបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើននៅក្នុងផ្ទះ និងសម្ភារៈលក់ដូរមួយចំនួនផងដែរ។ សម្រាប់ករណីភ្លើងឆេះផ្ទះនេះក្រុមការងាររដ្ឋបាលស្រុកប្រាសាទសំបូរ សូមលើកទឹកចិត្តដល់ម្ចាស់ផ្ទះឱ្យមានភាពរឹងមាំឡើងវិញ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតសាជាថ្មីឱ្យមានលក្ខណៈល្អប្រសើរឡើង។
សូមបញ្ជាក់ផងដែរថា សម្រាប់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ បានចុះសួសុខទុក្ខដល់គ្រួសារភ្លើងឆេះផ្ទះ និងបាននាំយកនូវស្បៀង មាន÷ អង្ករ៥០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ ទឹកក្រូច០១កេស និងថវិកាចំនួន ៣០០.០០០រៀល។