រដ្ឋបាលឃុំសាគ្រាម និងក្រុមកម្លាំងចម្រុះបានចុះពិនិត្យទីតាំងនៃប្រវត្តិប្រាសាទអំបែងនំ ដើម្បីបង្ហាញពីវប្បធម៌ កេរ្តិ៍ដំណែលពីដូនតា ដល់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា

0
15

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលឃុំសាគ្រាម និងក្រុមកម្លាំងចម្រុះបានចុះពិនិត្យទីតាំងនៃប្រវត្តិប្រាសាទអំបែងនំ ដើម្បីបង្ហាញពីវប្បធម៌ កេរ្តិ៍ដំណែលពីដូនតា ដល់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា

    (កំពង់ធំ)÷ លោក ចាន់ សុផល មេឃុំសាគ្រាម បានលើកឡើង ពីប្រាសាទអំបែងនំ មានទីតាំងស្ថិតនៅភូមិព្រិច ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចម្ងាយពីទីរួមខេត្ត​កំពង់ធំ ទៅតាមផ្លូវស្ទោងប្រមាណជាង ១០០គីឡូម៉ែត្រ ភាគឦសានទីប្រជុំជនឃុំសាគ្រាមប្រមាណ៤គីឡូម៉ែត្រ ហើយស្ថិតនៅក្នុងព្រៃក្រាស់មួយកន្លែង។ ដើម្បីធ្វើដំណើរទៅប្រាសាទនេះបាន គេអាចធ្វើដំណើរ​​បានតាមម៉ូតូប៉ុណ្ណោះ ព្រោះចាំបាច់ត្រូវឆ្លងស្ទឹងមួយគឺ(ស្ទឹងស្ទោង) តែពុំមានស្ពានសម្រាប់ឆ្លងរថយន្តទេ គឺស្ពានតូចឆ្លងបានត្រឹមតែម៉ូតូប៉ុណ្ណោះ។ បន្ទាប់មក គឺត្រូវជិះម៉ូតូកាត់ភូមិអ្នកស្រុក រហូតបន្តចូលព្រៃ។ ត្រូវទុកម៉ូតូនៅផ្លូវមួយអន្លើ ហើយត្រូវបន្តដំណើរដោយថ្មើរជើងចូលក្នុងព្រៃជ្រៅ ការចូលទៅទស្សនា​ប្រាសាទនេះ ប្រសិនបើលោកអ្នកមិនដែលទៅ ចាំបាច់អ្នកភូមិដែលស្គាល់ទីតាំងពិតប្រាកដត្រូវនាំផ្លូវម្នាក់ បើមិនដូច្នោះទេក្រុមការងារអាចនឹងវង្វេងព្រៃក៏ថាបាន។

     តាមការរៀបរាប់លោក ចាន់ សុផល មេឃុំសាគ្រាម បានឱ្យដឹងថា រឿងព្រេងមួយនៅក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ៣ ទំព័រ១៤៥-១៤៨ ដែលមានចំណងជើងថា(ខ្ចីដឹងសងដឹង ខ្ចីអំបែងសងអំបែង) ដែលដំណាលពី(បុរសម្នាក់ទៅខ្ចីដឹងសេដ្ឋីដើម្បីកាប់អុសក្នុងព្រៃ ) តែគាត់បានធ្វើឲ្យដឹងនោះបាត់ ក៏រត់ទៅប្រាប់សេដ្ឋី និងអង្វរសុំសេដ្ឋីសងថ្មី តែសេដ្ឋីមិនព្រមយក រហូតដល់បុរសនោះយកកូនកំលោះខ្លួនទៅបម្រើ សេដ្ឋីនោះក៏យល់ព្រម។ ជួនជាថ្ងៃមួយ កូនក្រមុំសេដ្ឋីចង់ហូបអំបុក តែសេដ្ឋីនោះមិនមានអំបែងសម្រាប់លីងអំបុក ក៏ទៅខ្ចីបុរសនោះ តែចៃដន្យមានឆ្កែប្រខាំគ្នាពារលើធ្វើឲ្យអំបែងនោះបែក ក៏ទៅប្រាប់បុរសនោះសុំសងជាអំបែងថ្មីមួយឬពីរវិញ តែបុរសនោះមិនយល់ព្រម។ សេដ្ឋីក៏រត់ទៅប្តឹងចៅក្រមជួយកាត់ក្តី ហើយចៅក្រមបានឲ្យសេដ្ឋីនោះសងជាអំបែងថ្មីវិញ តែបុរសនោះនៅតែមិនព្រមយក ក៏ទៅទូលព្រះមហាក្សត្រកាត់ក្តីបន្ត។ ព្រះមហាក្សត្រទ្រង់គិតថា សេដ្ឋីនិងបុរសនោះប្រាកដជាមានការថ្នាំងថ្នាក់នឹងគ្នាពីមុនមករឿងអ្វីមួយហើយ ទើបបានជារឿងតូចតាចសោះចរចាមិនត្រូវគ្នា។ លុះទ្រង់សួរដឹងរឿងហេតុរួចមក ព្រះមហាក្សត្រ ក៏សម្រេចកាត់ក្តីឲ្យសេដ្ឋីនោះប្រគល់កូនក្រមុំខ្លួនទៅបម្រើបុរសនោះវិញ។

       លោក ចាន់ សុផល បានបញ្ជាក់បន្ថែមទៀតថាប្រាសាទអំបែងនំ កសាងឡើងអំពីឥដ្ឋ ចំនួនបីរត់ជួរពីជើងទៅត្បូង បែរមុខទៅទិសខាងកើត សាងនៅលើខឿនថ្មបាយ​ក្រៀមខ្ពស់ផុតពីដីប្រហែល១ម៉ែត្រ ហើយមានប្រឡាយទឹកមួយព័ទ្ធជុំវិញ មានផ្លូវចូលពីទិសខាងកើត មានស្រះទឹកពីរនៅខាងជើងប្រាសាទ។ តួប៉មកណ្តាល នៅមានរូបរាងល្អច្រើន តែតួប៉មពីរទៀតដែលនៅសងខាងបានបាក់បែកផ្នែកដំបូល នៅសល់ត្រឹមតែកំណាត់ដំបូលចុះមកក្រោម។ តួប៉មទាំងបីនេះ មានទ្វារចូលនៅទិសខាងកើត និងទ្វារបញ្ឆោតបីនៅទិសផ្សេងទៀត។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here