
ការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុច កោះបឹងស្រែ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
(កំពង់ធំ)÷ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុជាប្រធានក្រុមការងារបានដឹកនាំកម្លាំង ចំនួន៤នាក់ កាណូត១គ្រឿងចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុច កោះបឹងស្រែ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។
ការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ លទ្ធផលទទួលបានគឺ បង្ករសំណុំរឿងបានចំនួន០១ករណី បានរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង រួមមានរបាំងស្បៃមុងចំនួន១៥របាំង ប្រវែង៤៥០ម៉ែត្រ ឡុកចំនួន ៣០គ្រឿង លប/លូចំនួន៣០មាត់ បង្គោលចំនួន ២៣០ដើម និងបានចាក់លែងត្រីស្រស់ចំរុះចំនួន១២គីឡូក្រាមចូលទន្លេវិញ ។
គួរបញ្ជាក់ផងដែរថា លោកវរសេនីយ៍ឯក សោម សុភាវុធ បានធ្វើការអប់រំដល់ប្រជានេសាទជាច្រើនលើក ច្រើនសារ ជាពិសេសថ្ងៃនេះ ប្រជានេសាទប្រមាណជាង១០កាណូត មានគ្នា២០នាក់ បានមកចូលរួមស្តាប់ការណែនាំ អំពីការដាក់របាំងស្បៃមុងនេះ ត្រូវបានច្បាប់ស្តីពីជលផលហាមឃាត់ជាដាច់ខាត និងសុំអោយបងប្អូនប្រជានេសាទទាំងអស់ចូលរួមទប់ស្តាត់ ដើម្បីរក្សាបានកូនពូជបន្តទៀត ។
ទន្ទឹមនឹងនេះដែរលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងកំពង់ធំ បានបញ្ជាក់ថែមទៀតថា បច្ចុប្បន្នកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំផាត់សណ្តាយ បានសហការជាមួយកម្លាំងកងទ័ពជើងទឹកប្រចាំករនៅទីនោះ និងកម្លាំងសហគមន៍ បានធ្វើការបែងចែកវេណល្បាតការពារព្រែកអភិរក្សទាំង៥ ដែលរដូវទឹកសម្រកនេះ ត្រីទម្លាក់ខ្លួនចូលព្រែកមានជម្រកនិងជម្រៅបង្កអោយពូជត្រីរស់នៅបាន និងត្រូវការពារអោយបានជាដាច់ខាត។