
រដ្ឋបាលខេត្តកំពង់ធំ រៀបចំព្រះរាជពិធីផ្ទេរតំណែង និងទទួលទេវតាឆ្នាំថ្មីព្រះនាមកិមិរាទេវី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣
(ខេត្តកំពង់ធំ); នាសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាត បានអញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅសួនស្ទឹងសែន ខេត្តកំពង់ធំ។
បើតាមសៀវភៅមហាសង្ក្រាន្ត បានអោយដឹងថា រាជបុត្រីទី៦ កបិលមហាព្រហ្ម ព្រះនាមកិមិរាទេវី ជាមគ្គនាយិកាកាន់តំណែងឆ្នាំនេះ ដែលទ្រង់បានយាងចុះមកនៅវេលាម៉ោង ៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត)។ ចំពោះការកំណត់ខែ ថ្ងៃ និងម៉ោងពេល ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គឺគេអាចដឹងបាន ដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសង្ក្រាន្ត។
ទេវតាដែលបានមកកាន់តំណែងគ្រប់គ្រងក្នុងឆ្នាំថោះនេះ គឺគង់នៅលើចាតុម្មហារាជិកា អម្ពរពណ៌សេត(ស) លម្អនៅព្រះកាណ៌ ដោយសៀតផ្កាចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា (សោយចេកណាំវ៉ា)។ ចំណែកព្រះហស្តស្តាំ ទ្រង់ព្រះខ័ន្ឌ ឯព្រហស្តឆ្វេងទ្រង់ពិណ គង់អង្គុតពាក់ឆៀង បើកព្រះនេត្រ នៅលើខ្នងមហឹង្សា (ក្របី) ជាយានពាហនៈ៕
ឯកឧត្ដម គណ:អធិបតី បានលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «កិមិរាទេវី» សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន ឯកឧត្តម និងលោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:កក្នុងខេត្តកំពង់ធំទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
បន្ទាប់ពីបញ្ចប់ព្រះរាជពិធីផ្ទេរតំណែង និងទទួលទេវតាឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានចូលរួម ទស្សនាការ ការសម្ដែងរបាំ សិល្បៈ តន្ត្រីយុវជន ការរាំម៉ាឌីស៊ុនអបអរសាទរឆ្នាំថ្មី របស់កងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត និងចូលរួមទស្សនា លេងកម្សាន្តល្បែងប្រជាប្រិយប្រពៃណីខ្មែរ តាមផែននីមួយៗ ជាមួយនឹងលោកគ្រូ អ្នកគ្រូ យុវជន យុវនារី រួមមាន ល្បែង វាយក្អម ទូលក្អម លោតបាវ ចោលឈូង រត់ជាគូរដាក់ប៉ោងៗជាប់នឹងក្បាល បិទមុខបញ្ចុកចេក រត់ប្រណាំងពាំពងមាន់ដាក់ស្លាបព្រា បោះអង្គុញ លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង ប៉ោងៗរួមមិត្ត ប្រដាល់បិទមុខ ឡើងសសរខ្លាញ់យករង្វាន់ បិទមុខចាប់ទាក្នុងទ្រុង ទាញព្រ័ត្រមហារំអិល ទាត់បាល់មហារំអិល និងទស្សនីយភាពការរាំជាក្រុម។