
អគារទីបញ្ជាការផ្នែកសឹករងតាំងគោកនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភរបស់គណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
(កំពង់ធំ)÷នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី ផាំ វ៉ាន់រុឹម មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអាគារទីបញ្ជាការផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភរបស់ខណ្ឌទី១០នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ។
លោកវរសេនីយ៍ត្រី សេង សូត្រ មេបញ្ជាការផ្នែកសឹករងតាំងគោក បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីការសាងសង់ទីបញ្ជាការផ្នែកសឹករងតាំងគោក ដែលមានទំហំ២០០ ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង មានបន្ទប់ធ្វើការរបស់មេបញ្ជាការ និងសាលប្រជុំ ដែលបានចំណាយថវិកាសាងសង់ចំនួន៤៥.៦៦៦ដុល្លារ ដែលជាជំនួយឧបត្ថម្ភរបស់ខណ្ឌទី១០ ដែលជាដៃគូសហប្រតិបត្តិការជាមួយផ្នែកសឹករងតាំងគោក។
លោកវរសេនីយ៍ ង្វៀន ថាញ់កុង មេបញ្ជាការយោធាខណ្ឌទី១០ បានថ្លែងនូវការ អបអរសាទរនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ២៥៦៧ ជូនដល់ប្រជាជនកម្ពុជា និងបានប្រគល់ជូននៅអាគារមួយខ្នង ដែលទើបសាងសង់ថ្មីនេះ ជូនដល់ផ្នែកសឹករងតាំងគោក ដើម្បីប្រើប្រាស់ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់ភាគីមិត្តនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានជួយសាងសង់អាគារស្នាក់នៅនិងធ្វើការងារជូនដល់អង្គភាពផ្នែកសឹករងទាំង៩ និងកងវរសេនាតូចទាំងពីរ ព្រមទាំងសាងសង់អគារនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផងដែរ ដែលសរុបអគារទាំងអស់មានចំនួន១៣ ខ្នង រួចមកហើយ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី ផាំ វ៉ាន់រុឹម អនុប្រធានគណៈបញ្ជាការយោធាទីក្រុងហូជីមិញ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយគណៈអធិបតី បានចែកជូនអំណោយអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីសម្ពោធនេះចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ នឹងបានដាំដើមឈើជានិមិត្តរូប ព្រមទាំងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាគារផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចាប់ពីពេលនេះតទៅ៕