
ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំម្សាក្រង បានណែនាំដល់ អាជ្ញាធរមូលដ្ឋានត្រូវចេះកៀរគរមូលធនឬធាតុចូលពីសប្បុរសជនដើម្បីអភិវឌ្ឍ លើកកម្ពស់សុខុមាលភាពពលរដ្ឋក្នុងមូលដ្ឋាន
(កំពង់ធំ)÷ នៅរព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាប្រធានក្រុមការងារគណៈបក្សចុះជួយមូលដ្ឋានឃុំម្សាក្រង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញ ចុះពិនិត្យមើការសាងសង់ផ្លូវគ្រួសក្រហមប្រវែងជាង២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ថ្លែងនៅចំពោះមុខអាជ្ញាធរភូមិ/ឃុំ និងបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងឱកាសនេះ លោក ឃុន ប៊ុនហូ បានណែនាំដល់ អាជ្ញាធរមូលដ្ឋានត្រូវចេះកៀរគរមូលធនឬធាតុចូលពីសប្បុរសជនជិត ឆ្ងាយ ដើម្បីអភិវឌ្ឍលើកកម្ពស់សុខុមាលភាពពលរដ្ឋក្នុងមូលដ្ឋាន។ ការរួបរួមសាមគ្គីគ្នា សហការគ្នា រវាងអាជ្ញាធរនិងសប្បុរសជន ពិតជាមានសក្តានុពលក្នុងការ អភិវឌ្ឍលើកកម្ពស់សុខុមាលភាពមូលដ្ឋាន ការជួយសង្គ្រោះ និងសុខសុវត្ថិភាពសាធារណៈជាដើម។
ជាមួយគ្នានេះលោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានណែនាំដល់រដ្ឋបាលឃុំ ម្សាក្រងត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាព បងប្អូនប្រជាពលរដ្ឋដែលរងហានិភ័យដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះ ផ្តល់ស្បៀងហើយត្រូវឆ្លើយតបទៅនឹងតម្រូវការនិងផ្តល់សេវាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ផ្លូវគ្រួសក្រហមថ្មីនេះ ជាអំណោយផ្ទាល់របស់លោក ឃុន ប៊នហូ និងលោកសាយ គឹមឡម ដែលមានប្រវែងជាង២០០ម៉ែត្រ ទទឹង០៥ម៉ែត្រ និងមានកម្ពស់០.៥ម៉ែត្រ ហើយអស់ទឹកប្រាក់សរុបជាង១៣.០០០.០០០រៀល។ ក្នុងឱកាសនេះដែរថ្នាកដឹកនាំទាំងពីរក៏បានឧបត្ថម្ភ នូវសំលៀកបំពាក់មួយកំផ្លេ និងសារុងម្នាក់មួយដល់ប្រជាការពារចំនួន២៥នាក់ផងដែរ។