
ការនេសាទខុសច្បាប់ក្នុងដែនអភិរក្សបឹងផ្សោត និងបឹងប្រា
ត្រូវលោកនាយខណ្ឌជលផល ចំណាត់ការបង្ក្រាបជាបន្តបន្ទាប់កំពង់ឆ្នាំង៖ ថ្មីៗនេះ ការនេសាទរុញ និងអូសលៀសខុសច្បាប់ក្នុងដែនអភិរក្សបឹងផ្សោត ឋិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង និងបឹងប្រា ឋិតនៅក្នុងស្រុកជលគិរី ជាតំបន់ជាប់ព្រំប្រទល់នេះ ត្រូវបានស្ងប់ស្ងាត់ហើយ បន្ទាប់ លោកលី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំង ចំណាត់បង្ក្រាប និងទប់ស្កាត់ ជាបន្តបន្ទាប់មកនោះ។
ដោយឡែកនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានសហគមន៍នេសាទ ប្រចាំការពារ នៅដែនអភិរក្សបឹងផ្សោត ដឹក នាំដោយលោក កឹក ហៃ បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ឃុំស្វាយរំពារ បានចាប់ឃាត់ទូកនេសាទរុញលៀស ចំនួន៥គ្រឿងទៀត ហើយបានដោះលែងទៅវិញក្នុងពេលបន្ទាប់ ដោយគ្រាន់តែធ្វើកិច្ចសន្យាអប់រំ បញ្ឈប់បន្តការនេសាទ។
ចំណែកបឹងប្រា ឋិតក្នុងកម្លាំងការពារជាប្រចាំ របស់សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ ភូមិក្បាលកន្លង់ ស្រុកជលគិរីនោះ ត្រូវបាន ស្ងប់ស្ងាត់ទាំងស្រុង តែម្ដង។
បើយោងតាមការឱ្យដឹងពីលោក កឹក ហៃ ប្រធានសហគមន៍ ស្វាយរំពារ និងប្រចាំការពារ នៅដែនអភិរក្សបឹងផ្សោតនោះ បានឱ្យដឹងថា កាលពីចុង ខែមករា ឆ្នាំ២០២៣ ការនេសាទរុញ និងអូសលៀសនេះ គឺមានច្រើនទូក ប្រមាណពី៣០ ទៅ៣៧គ្រឿង បានលួចឆ្មក់ ចូលនេសាទ នៅបឹងប្រា ឋិតនៅក្នុងស្រុកជលគិរី ក្រោយពីសមត្ថកិច្ចរដ្ឋបាលជលផល ជលគិរី និងសហគមន៍នេសាទអន្លុងមេត្រីសែនជ័យ បង្ក្រាបបាន ទាន់ពេលវេលា ការនេសាទនេះត្រូវបានបញ្ឈប់ ហើយក៏បានហៀរចូលមកដែនអភិរក្សបឹងផ្សោត ជាដែនការពាររបស់លោកវិញ ប៉ុន្តែលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានមានចំណាត់ការបង្ក្រាប ជាបន្តបន្ទាប់។
ការបង្ក្រាបនេះ បានធ្វើឡើងដោយកម្លាំងរដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង, ជលផលផ្នែក, សង្កាត់ ,សហគមន៍នេសាទ និងសហការ ជាមួយ កងឯកភាព ស្រុកកំពង់លែង។
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងរដ្ឋបាលជលផលសង្កាត់ជលគិរី ដឹកនាំ ដោយលោក លាក់ សំអាត នាយសង្កាត់ ចូលមកបង្ក្រាបម្ដងទៀត ធ្វើឱ្យការនេសាទរុញ និងអូសលៀសខុសច្បាប់ ក្នុងដែនអភិរក្សបឹងផ្សោតនេះ ត្រូវបានស្ងប់ស្ងាត់ស្ទើរតែស្រុង។
បច្ចុប្បន្ននៅមានតិចតួចណាស់ ពី០២ ទៅ០៥ទូកតែប៉ុណ្ណោះ ក្នុងមួយថ្ងៃៗតែមិន បានធ្វើសកម្មភាពពេញលេញនោះទេ ត្រូវបានលោក និងកម្លាំងសហការនគរបាលប៉ុស្តិ៍ស្វាយរំពារ ធ្វើការទប់ស្កាត់ ដោយឃាត់ ហៅមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់។
បើយោងតាមលោក តាត សីហាក់ នាយផ្នែកជលផលកំពង់ឆ្នាំង ធ្លាប់បានប្រាប់ឱ្យដឹងថា ការនេសាទរុញលៀស ដោយដៃ និងអូសលៀសដោយម៉ាស៊ីន នៅដែននេសាទសាធារណៈ គឺមានច្បាប់អនុញ្ញាតិ ប៉ុន្តែកំណត់ពី កម្លាំងម៉ាស៊ីន និងបច្ចេកទេសច្បាស់លាស់ រួមទាំងកំណត់ទីនេសាទទៀតផង។
លោក តាត សីហាក់បន្តថា បច្ចុប្បន្ននេះ ដែននេសាទ លៀសនេះ មាន០៨កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែលោកមិនបានរាប់បញ្ចូល ដែនអភិរក្សនោះទេ៕ ដោយលោក ខែម លាភ