
កំពង់ធំ៖ លោកមុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រងការចោទប្រកាន់ពីក្រុមជនទុច្ចរិតដឹកជញ្ជូនឈើខុសច្បាប់ថា ជាមេក្លោងនៅពីក្រោយខ្នងបទល្មើសដឹកជញ្ជូនឈើ របស់ពួកគេ។
នេះ…! បើតាមការអំនួតរបស់ជនទុច្ចេរិត រកស៊ី ដឹកជញ្ជូនបទល្មើសព្រៃ ចេញពីតំបន់ព្រៃអង់ តែន ដែលជាដែនព្រៃហាមឃាត់របស់រដ្ឋ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវមួយកន្លែង ចេញឃុំក្រយារ ទៅកំពង់ថ្ម ស្ថិតនៅភូមិត្រពាំងព្រីង ឃុំក្រយារ ស្រុកសន្ទុក បន្ទាប់ពីមានចំណាត់ការពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ធំ។
យោងតាមសេចក្ដី រាយការណ៍ពីក្រុមអ្នកសារព័ត៌មាន មួយក្រុមបានឲ្យដឹងថា នៅខណៈដែលក្រុមសារព័ត៌មានកំពុងឃ្លាំមើល នៅផ្លូវចេញពីឃុំក្រយារ ទៅកំពង់ថ្ម ដែលជាផ្លូវបទល្មើសដឹក ជញ្ជូនឈើចេញជារៀងរាល់ថ្ងៃ មានរថយន្តខ្លះ ដឹកពីរបីជើងក្នុងមួយថ្ងៃក៏មាននោះ ស្រាប់តែមានក្រុមរថយន្ត សាំយុងដឹកឈើហ៊ុបមូល ២គ្រឿង និងគោយន្ត២គ្រឿង បានចេញមកនិយាយដោយចំហ ចំពោះមុខក្រុមអ្នកសារព័ត៌មានថា លោក មុំ សុផល នាយផ្នែកមេព្រៃកំពង់ថ្ម បានខលមកប្រាប់ពួកគេថា មានអ្នកកាសែតប្ដឹងឲ្យចាប់ឈើរបស់ពួកគេ ដោយមានបញ្ជាពីថ្នាក់លើផង ។
ក្រុមជនទុច្ចរិតដឹកឈើទាំងនេះ បានបន្តថា ពួកគេត្រូវ ជាមួយសមត្ថកិច្ចអស់ហើយ គ្មានអ្នក ណាចាប់ពួកគេឡើយ នៅអែរអង់បន្តិច ក្រុមជនទុច្ចរិតទាំងនោះ បានបើកឡានបន្តទៅមុខលឿនដូចខ្យល់ព្យុះ។
ប្រមាណជិត១ម៉ោង ក្រោយពីរថយន្តដឹកបទល្មើសព្រៃឈើទៅផុត ទើបឃើញលោក មុំ សុផល ទៅដល់ ក្នុងចម្ងាយផ្លូវប្រមាណ ២០គីឡូម៉ែត្រ ផ្លូវលំរលោងស្រិល។
ដោយឡែក លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មក រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា មិនអីទេ លោកនឹងបន្តចំណាត់ការរឿងនេះ តាមកិច្ចសហការ ជាមួយអ្នកសារព័ត៌មាន ។
ម៉ោងប្រមាណ៣រសៀលថ្ងៃទី៣០ដដែលនេះ អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា បានទទួលដំណឹងថា ឈើនោះ គឺចាប់បានហើយ ចាប់បានតែឈើទេ គឺគេទម្លាក់លាក់ទុក នៅចុងភូមិល្អក់ ឃុំក្រយារ។
ទោះជាមានសេចក្ដីរាយការណ៍ដូចខាងលើនេះក្ដី ក៏សង្កេតគេឃើញថា ឈើដែលលាក់ទុកនៅទីនោះ គឺមួយចំនួនតូចតែប៉ុណ្ណោះ ឯមួយចំនួនធំ គឺនៅម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី៣០នេះ គឺគេប្រទះឃើញ ជនដោះអាវ ដែលមានអំនួតថា មានរឿងអី ក៏លោកមុំ សុផល ខលប្រាប់ពួកគេមុននោះ កំពុងអូសគោយន្ត និងរថយន្ត ដែលផ្ទុកឈើហ៊ុបមូលពេញ ចេញពីផ្ទះប្រជាពលរដ្ឋម្នាក់៕ ដោយ លោក ម៉ាណារិទ្ធ