
ប្រជាពលរដ្ឋរស់នៅក្នុងភូមិទំពេជ ឃុំទ្រា ៧៣គ្រួសារ និង កុមារចំនួន ២៦នាក់ បានទទួលអំណោយពីលោក សិត មឿង និង លោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០២៣ លោក សិត មឿង អនិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី រួមជាមួយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានយកអំណោយចែកជូនពុកម៉ែបងប្អូនដែលជាជនទីទាល់ក្រខ្វះខាតរស់នៅក្នុងភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងនោះដែរ ក៏មានការចូលរួមពីលោក គង់ ជាន មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក កាំង ប៊ុនសូវ លោកមេភូមិ លោកអនុភូមិទំពេជ និង សហការីជាច្រើនទៀតផងដែរ។
លោក សិត មឿង បានថ្លែងថាដោយការមើលឃើញពីភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងភូមិ ទំពេជ រូបលោក និង លោក សាយ វាសនា បាននាំយកអំណោយ និង ថវិកាផ្ទាល់ខ្លួន ដើម្បីចែកជូនបងប្អូនគ្រួសារក្រីក្រមានចំនួន ៧៣ គ្រសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម ទឹកត្រី ១យួរ ទឹកសុីអុីវ១យួរ ត្រីខ ១យួរ មី១កេស ថ្នាំសង្កូវ និងថវិកាមួយចំនួន។ ហើយកុមារតូចៗចំនួន ២៦នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀល ដើម្បីទិញសម្ភារៈសិក្សាផងដែរ។
បន្ទាប់ពីមានការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរួចមក លោក សិត មឿង ក៏បានលើកឡើងថា លោកសង្ឃឹមថា ថ្ងៃក្រោយគាត់នឹងធ្វើកម្មវិធីចែកអំណោយជូនបងប្អូនដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់ទៀត។
ជាចុងក្រោយលោក សាយ វាសនា បានថ្លែងថាការផ្ដល់អំណោយសប្បុរសធម៌បន្តិចបន្តួចនេះ គឺជាវប្បធម៌នៃការចែករំលែក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលជីវភាពជូនពុកម៉ែបងប្អូនបានមួយរយៈផងដែរ។