សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ នៅឃុំព្រៃគុយ

0
117

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ សំណេះសំណាង និងចែកចំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ រស់នៅក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២។
     
     លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ក៏បានឡើងធ្វើរបាយការណ៍ សម្រាប់ស្រុកកំពង់ស្វាយគឺមាន០៥ឃុំ ស្មើនឹង៣៤ភូមិ ប្រជាពលរដ្ឋចំនួន ១.៨៩១គ្រួសារ រងគ្រោះ និងជួបការខ្វះខាតស្បៀងដោយសារជំនន់ទឹកភ្លៀងមាន÷ឃុំកំពង់ស្វាយ ឃុំព្រៃគុយ ឃុំក្តីដូង ឃុំកំពង់គោ និងឃុំផាត់សណ្ដាយ។
    
       ជាមួយគ្នានេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តតាមដានយកចិត្តទុកដាក់អំពីព័ត៌មានអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ព្រោះមានភ្លៀងធ្លាក់ឥតឈប់ឈរ។ កត្តាទាំងអស់នេះបណ្ដាលឱ្យផ្លូវជនបទខូចអស់ជាង៤០គីឡូម៉ែត្រ ក្នុងស្រុកកំពង់ស្វាយ ដាច់ស្ពានចំនួន០២កន្លែង ចំពោះទឹកជំនន់ដែលបានហូរចូលក្រោមផ្ទះ ហូរកាត់ផ្លូវ ប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋនូវផលដំណាំផ្សេងៗ និងមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។
       
       ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ថ្ងៃនេះមានកម្មវិធីចែកស្បៀងអាហារបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ សម្ដេចតែងតែចិត្តទុកដាក់ណាស់ អំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ មិនមែនជាលើកទីមួយនោះទេ ទីណាមានការលំបាកដោយគ្រោះរាំងស្ងួត ទឹកជំនន់ និងបញ្ហាផ្សេងៗក្នុងសង្គម ត្រូវតែដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលា ។
      
        ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញ  ត្រូវសិក្សាអំពីផលប៉ះពាល់ដំណាំស្រូវ នៅក្នុងភូមិសាស្រ្ត ដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តារជីវភាពឡើងវិញ បន្ទាប់ពីទឹកបានស្រកទៅវិញ ។

        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមការរស់នៅត្រូវមានអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។ សូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់បងប្អូន។
       
     សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៤៥០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុង១គ្រួសារទទួលបាន អង្ករ មីកញ្ចប់ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធផងដែរ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here