
ស្រុកជលគិរី/កំពង់ឆ្នាំង៖ ជាទំនៀមទំលាប់ប្រពៃណីខ្មែរ បន្ទាប់ពីថ្ងៃបញ្ចប់បុណ្យភ្ជុំបិណ្ឌ គេតែងតែ ធ្វើពិធី សែនព្រេនដូនតា និងជូនដំណើរដូនតា ត្រឡប់ទៅស្រុកវិញតាមមធ្យោបាយ ក្បួនរថយន្ត ឬទូក, កាណូត និងសំពៅ ជាដើម ដោយឡែកនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក៏បានគោរពធ្វើពិធីនេះដែរ ដោយក្ដីសប្បាយរីករាយ បំផុត ជាពិសេសមជ្ឈឹមវ័យ និងយុវវ័យ។
នាព្រឹកថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋនៅទីរួមស្រុកជលគិរី បានធ្វើពិធីដង្ហែរទូក និងសំពៅចេញពីភូមិរបស់ ពួកគាត់ ទៅកាន់កំពង់ទឹក ដែលមានមនុស្សប្រុសស្រី រាប់រយនាក់ ពពាក់ពពូនគ្នា គូសមុខមាត់ និងប្រឡូកប្រឡាក់ ដោយធ្យូង, ភក់ និងតែងតួ តាមទំនៀមទំលាប់ និងជំនឿតាមស្រុកភូមិរបស់ពួកគាត់។
នៅក្នុងពិធីនេះ ប្រជាពលរដ្ឋបានធ្វើជាកន្ទោង ឬកាត់ស្រទបចេកចងក្បាល និងកន្ទុយធ្វើជាទូក ឬសំពៅ ដែលមានដាក់សំណែន ដូចជាប្រហុក អំបិល អង្ករ សណ្តែក ល្ងរ និងគ្រឿងសំណែនផ្សេងៗទៀត ដាក់ជាកញ្ចប់តូចៗ និងមានដុតទៀន ធូប ភ្ជាប់ជាមួយការបួងសួងផងដែរ។
បើទោះបីពិធីនេះគេសង្កេតឃើញប្រជាពលរដ្ឋ តាមស្រុកភូមិនីមួយៗបានធ្វើឡើងស្ទើរគ្រប់ទីកន្លែងក៏ដោយ ប៉ុន្តែពិធីនេះ មិនមែនជាពិធីរបស់ព្រះពុទ្ធសាសនាទេ ហើយក៏មិនមានចែងនៅក្នុងតម្រា ឬព្រះត្រៃយ៍បិតកដែរ ប៉ុន្តែ ជារៀងរាល់ឆ្នាំ គឺមួយថ្ងៃបន្ទាប់ពីពិធីឆ្លងបុណ្យភ្ជុំបិណ្ឌ គេតែងតែសង្កេតឃើញ ប្រារព្ធធ្វើ ពិធីជូនដំណើរដូនតា មាតាបិតាញាតិការទាំង៧សន្តាន ទៅកាន់បរមឋានរបស់ពួកគាត់វិញ បន្ទាប់ពបានធ្វើដំណើរមកកាន់ ឋានកណ្តាលយើងនេះ ដើម្បីទទួលយកអាហារចំណី ដែល កូនចៅធ្វើបុណ្យឧទ្ទិសជូន.. នៅក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំ រយៈពេល១៥ថ្ងៃតាំងពីថ្ងៃ១រោជ ដល់ថ្ងៃ១៥រោច ខែភទ្របទ៕ដោយការិយាល័យនិពន្ធ