
កំពង់ធំ#នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាន ទៅប្រគល់ខ្នងផ្ទះទី២១១ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនអតីតយុទ្ធជនពិការនៅភូមិ ក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាន បញ្ជាក់ ថា ៖ លោកពលទោ ព្រិន ព្រលិត អាយុ៥៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៩ អង្គភាពកងពលលេខ១២ចាស់ តំបន់អានសេះខេត្តព្រះវិហារ។ ហើយបានត្រូវរបួសពិការ ពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិអានសេះ ក្នុងអំឡុងឆ្នាំ១៩៩០ ។ លោក ព្រិន ព្រលិត មានភរិយានិងកូនក្នុងបន្ទុកចំនួន៧នាក់ ពុំមានជម្រកស្នាក់នៅសមរម្យ ព្រោះ ជីវភាពលំបាកខ្វះខាត ។ ដោយ ឃើញ ពី ការ លំបាក នេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ម្ពុជា ខេត្តកំពង់ ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១១ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត តាម រយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
នៅ ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ សូម រួម គ្នា ចូលរួម អនុវត្ត ន៍ នូវ គោល នយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ពិសេសត្រូវចូលរួមក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់យើង ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងក្រុមគ្រួសារនីមួយៗ គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសង ខុស ច្បាប់ និង ត្រូវ ខិតខំ ប្រកប មុខរបរ រកទទួលទានដោយសុច្ចរិតទៀងត្រង់ ជា មួយ នេះដែរត្រូវបន្ត អនុវត្តន៍ ឲ្យ បាន ខ្ជាប់ខ្ជួន នូវ វិធានការការ ពារ ទប់ស្កាត់ ការ ឆ្លង ជំងឺ កូវីដ -១៩ បីការពារនិងបីកុំ របស់សម្តេចតេជោ ហ៊ុន សែន ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ។
លោកពលទោ ព្រិន ព្រលិត ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និង សូម គោរព ជូន ពរ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង បានប្តេជ្ញា ចិត្ត បន្ត គាំទ្រ សម្តេច តេជោ ហ៊ុន សែន លុះ អវសាន្តជីវិត ។