
(កំពង់ធំ): ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ ជាអភិបាលស្រុកសណ្ដាន់ ជំនួសលោក អ៊ុត វណ្ណរ៉ា ដែលផ្ទេរតំណែងទៅកាន់ស្រុកកំពង់ស្វាយថ្នីៗនេះ។ ដើម្បីបន្តគាំទ្រលោកអភិបាលស្រុកថ្មី ដូចអ្វីដែលយើងធ្លាប់បាន គាំទ្រអភិបាលស្រុកចាស់ ដើម្បីសម្រេចគោលដៅតែមួយ ចំពោះការងាររដ្ឋបាល ការដោះស្រាយបញ្ហាប្រឈម សំណូមពរ ការផ្ដល់សេវាសាធារណៈ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរជាបន្តបន្ទាប់តទៅទៀត។
ថ្លែងនៅក្នុងកម្មវិធី អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីរាជការបម្រើប្រជាពលរដ្ឋ ត្រូវធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់ មានភាពជឿជាក់ និងទុកចិត្ត ការគ្រប់គ្រងបុគ្គលិកនេះបានល្អ ជាមួយវិន័យឱ្យមានប្រសិទ្ធផលការងារ នៅតាមអង្គភាព និងតាមមូលដ្ឋានរបស់បងប្អូន។ ការដាស់តឿនជំរុញបន្ថែម នូវកិច្ចការប្រចាំថ្ងៃទាក់ទងនឹងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាពនយោបាយ ដើម្បីនិរន្តរភាពរដ្ឋបាលក្នុងការផ្ទេរភារកិច្ចលោកអភិបាលនៅទីនេះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានលើកទឹកចិត្តដល់លោក ស៊ិន វណ្ណវុឌ្ឍ អភិបាល ស្រុក ដែលត្រូវចូលកាន់មុខតំណែងថ្មីនាពេលនេះ ត្រូវយកចិត្ត ទុកដាក់នូវ ការងារ
គ្រប់គ្រងមួយចំនួន អំពីការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាចាំបាច់នានាដូចជា សេវា សុខាភិបាល អប់រំ សង្គមកិច្ច និងសេវា សាធារណៈដទៃទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មាន តម្លាភាព និង គណនេយ្យភាព ចំពោះប្រជា ពលរដ្ឋ។ អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខ័ណ្ឌ ស្រុក ទាំងមូល ចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន។
ពង្រឹង វិធានការ រដ្ឋបាល និងវិធានការច្បាប់ ក្នុងការអនុវត្តច្បាប់ចរាចរផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរ ណ៍ បន្ថែមទៀត។
ជាចុងក្រោយ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ដើម្បីរួមគ្នាសម្រេចគោលដៅជាច្រើន ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានា របស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ របស់មន្រ្តី នៅក្នុង ការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅ អភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន។ សូមលោកអភិបាលស្រុកថ្មីខិតខំរៀនសូត្រនៅក្នុងភូមិសាស្រ្តរដ្ឋបាលនៅទីនេះ ទោះបីធ្លាប់ធ្វើអភិបាលស្រុកនៅកន្លែងផ្សេងធ្លាប់ធ្វើជានាយករងនៅសាលាខេត្តតើនៅភូមិសាស្ត្រមួយដែលមានបញ្ហាមួយផ្សេងទៀតត្រូវរៀនសូត្រពីអ្នកនៅទីនេះឱ្យមានលក្ខណល្អប្រសើរ។