
កំពង់ឆ្នាំង÷ នៅរដូវបិទនេសាទឆ្នាំនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដុតកម្ដៅសកម្មភាពបង្ក្រាបពេញៗ១ខែ តែម្ដង ដែលធ្វើឱ្យបទល្មើសនេសាទ មានការថយចុះ អប្បរិមា បើប្រៀបធៀបនឹងឆ្នាំមុនៗ។
ដោយឡែកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជាការឯកភាពស្រុកបរិបូណ៌- ស្រុក ជលគិរី និងស្រុក កំពង់ត្រឡាច បានចុះបង្រ្កាបបទល្មើសជលផល នៅចំណុចជ្រោយអ្នកតា និងចំណុច ខ្សាច់ស ក្រោយភូមិសេះស្លាប់ និងភូមិកំពង់អួរ ក្នុងស្រុក បរិបូរណ៍ , ចំណុចព្រែកគន្លង ក្រោយភូមិថ្មី និងភូមិ គៀនតាម៉ា ឋិតនៅស្រុកជលគិរី និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុប ២៣នាក់ និងមធ្យោបាយដោយ កាណូតស្មាច់ ៧គ្រឿង។
ជាលទ្ធផល បំផ្លាញចោលវត្ថុតាងរួមមាន៖
-របាំងសាច់អួនចំនួន១ករណីស្មើនឹង ០៥ កន្លែង ប្រវែង ៤៥០ ម៉ែត្រ
-លូសាច់អួន ចំនួន០៦មាត់
-រុះរើរបាំងស្បៃមុងចំនួន២ករណីស្មើនឹង១៥ កន្លែង ប្រវែង៥៧៥ ម៉ែត្រ
-លូស្បៃមុងចំនួន១៣មាត់
-រុះរើរបាំងព្រួលរាំងផ្ចិតព្រែក០១ករណីស្មើនិង១៥ ម៉ែត្រ
-លបឬស្សីចំនួន៤ គ្រឿង
-ព្រួលឬស្សីចំនួន១០ផែនស្មើនឹង៥០ម៉ែត្រ។
– បង្គោល ៦៤៥ ដើម
-និងបាន ចាក់លែង ត្រីចម្រុះ ចំនួន ១២០ គីឡូក្រាម ។
គួរបញ្ជាក់ផងដែរថា តាមរយ:ការដុតកម្ដៅអត់ឈប់ ទៅលើការបង្ក្រាបនេះ បានធ្វើឱ្យមច្ឆ:ជាតិ សប្បូរឡើងវិញជាបណ្ដើរៗហើយ នៅតាមបឹង-ទន្លេ។ នេះ ! បើតាមការអះអាង របស់ប្រជាពលរដ្ឋ ដែលពួកគាត់បានធ្វើដំណើរ តាមកាណូត និងក្រុមពួក ប្រម៉ាញ់សត្វកណ្ដុរ នៅពេលយប់ គឺពួកគាត់និយាយថា លឺមាត់ត្រី ដេញត្របាក់នុយច្រើន និងលោតផ្អើលច្រាវៗតែម្ដង ដោយភ្ញាក់នឹងសម្លេងកាណូត… ខុសពីឆ្នាំមុន គឺស្ងាត់ជ្រាប៕