
(កំពង់ធំ) ៖ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាពបន្ថែមក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ បឹងទន្លេសាប ឲ្យមាននិរន្តរភាព ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នារសៀលទី២៥ ខែកក្កដា ឆ្នាំ២០២២។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានថ្លែងថា កិច្ចប្រជុំនេះ ដើម្បីពិនិត្យលទ្ធភាពបន្ថែមក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណង អភិរក្ស និងអភិវឌ្ឍន៍ បឹងទន្លេសាប ឲ្យមាននិរន្តរភាព ក៏ដូចជាការដោះស្រាយបញ្ហាជីវភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងការផ្ដល់សិទ្ធិជូនបងប្អូនប្រជាពលរដ្ឋជាមួយនឹងការគ្រប់គ្រងដីធ្លី ការពិនិត្យព្រំប្រទល់រវាងដីតំបន់២ កាត់ចូលតំបន់១ និងពិនិត្យលទ្ធភាពបន្ថែម ក្នុងការកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល តាមគោលការណ៍ស្មារតីអនុសាសន៍ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានចុះពិនិត្យ នៅតាមគោលដៅនានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំនៅជុំវិញបឹងទន្លេសាប កន្លងមកនេះ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បានសហការគ្នាបានល្អ។ ជាពិសេសក្នុងការអនុវត្តបញ្ជារួមកាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១ ក្នុងការចុះពិនិត្យជាក់ស្តែងរួមគ្នាសហការគ្នាល្អជាមួយនឹងក្រសួងដែនដី ក្រសួងធនធានទឹក អាជ្ញាធរបឹងទន្លេសាប ក្រសួងកសិកម្ម ព្រមទាំង អស់លោក លោកស្រីជាថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ធំ។ លោកអភិបាលក្រុង/ស្រុក អាជ្ញាធរមូលដ្ឋាន បានអនុវត្តកិច្ចការឆ្វៀលដីចេះពីតំបន់២ តំបន់៣ បានល្អប្រសើរ រហូតប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រគល់ និងបង្ហាញទីតាំងជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅលើដីដែលបានហាមឃាត់។