
(កំពង់)÷លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សា ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំ សាគ្រាម។
លោក ចាន់ សុផល ត្រូវបានប្រកាសមកកាន់មុខតំណែងជាមេឃុំ បន្ដអាណត្តិទី៥នេះ នៅឃុំសាគ្រាម បានឡើងប្ដេជ្ញាចិត្តថានិង អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ គោលនយោបាយ គោលការណ៍ និង បទបញ្ជារ របស់ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ។ ខិតខំបំពេញការងារតាមតួនាទី និង ភារកិច្ច យកអស់ពី កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបម្រើ និង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យបានឆាប់ រហ័ស ទាន់ពេលវេលា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ខិតខំលើកកម្ពស់សមភាពយេនឌ័រ សកម្មភាពអភិវឌ្ឍន៍សង្គម ។
លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក វណ្ណៈ សោភានិត មានប្រសាសន៍ថា ត្រូវមានការពង្រឹងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងសេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋានរដ្ឋបាល ។ នៅប្រទេសកម្ពុជាតាម អំណាចវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារសិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ។ ការលើកកម្ពស់ការចូលរួម ភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋ។
ប្រសាសន៍ចុងក្រោយរបស់លោកអភិបាល បានសង្កេតឃើញថា លោក លោកស្រី ដែលទើបបានជាប់ឆ្នោតថ្មី ដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំសាគ្រាម ពិតជាមានការរីករាយប្រកប ដោយមោទនភាព ។ លោក លោកស្រី ក្នុងអាណត្តិទី៥ នេះ និង កំពុងសម្រេចឆន្ទៈក្នុងការចូលរួម បញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុង ឃុំ របស់ខ្លួន ។ ដូច្នេះ សូមមេត្តាយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមគោលនយោបាយច្បាប់នឹង លិខិតបទដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាលចំពោះមុខ មួយចំនួននៅក្នុងមូលដ្ឋាន ។ ពិតជាមានឆន្ទៈរួមទាំងការ ធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និង ការយោគយល់គ្នានៅក្នុងការបំពេញការងារ ដោយសង្កេតឃើញថា ក្រុមប្រឹក្សាឃុំអាណត្តិចាស់ប្រកបដោយភាពសប្បាយរីករាយក្នុង ការផ្ទេរតំណែងជូនក្រុមប្រឹក្សាឃុំអាណត្តិ ទី៥ ថ្មី តាមរយៈការ ប្រគល់ -ទទួល ត្រា បញ្ជី សម្ភារៈ ប្រាក់កាស និង ឯកសារនានា ជូនដល់សាមីខ្លួនដើម្បីអនុវត្តបន្តទៀត ។
គួរបញ្ជាក់ផងដែរថាលោកអភិបាលស្រុក ក៍បានជំរុញដល់លោកមេឃុំនិង ប្រជាពលរដ្ឋ គ្រប់ៗគ្នានៅក្នុងស្រុកប្រាសាទបល្ល័ង្កទៅចាក់វ៉ាក់សាំងដូសជំរូញឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ខ្លួនហើយលោកក៏បានណែនាំបន្ថែមទៀតដល់គ្រប់ភូមិ ឃុំ ទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពអ្មកចាក់វ៉ាក់សាំងឲ្យបានជាក់លាក់និងឆាប់រហ័សបំផុតដើម្បីរដ្ឋបាលស្រុកគ្រប់គ្រងអ្នកពាក់ព័ន្ធបន្តចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ជូនគាត់តាមភាពជាក់ស្តែងនិងបញ្ចប់វិនាសកម្មកូវីដ-១៩ឲ្យខានតែបាន។