
កំពង់ធំ÷ បទល្មើសដឹកជញ្ជូន ផល-អនុផលព្រៃឈើ ហាក់មានសន្ទុះឡើងខ្លាំងជាងមុន នៅពេលថ្មីៗនេះ ខណ:ដែលសមត្ថកិច្ចមេព្រៃ ដូរ មកកាន់ជាអនុរក្សព្រៃអង់តែនសារឡើងវិញ ជំនួសមន្រ្តីបរិស្ថាននោះ។
ក្នុងនោះ ប្រភេទឈើអុសត្រូវបានគេដឹកចេញ ទាំងថ្ងៃ ទាំងយប់ យ៉ាងសស្រាក់សស្រាំ តើនេះ ជាមុខរបរស្របច្បាប់ឬ? តើឈើអុសទាំងនេះ បានពីព្រៃឈើឬ ? ប្រសិនបើមែន តើរដ្ឋមានដែនព្រៃសមទាន នៅកន្លែងណា នៅក្នុងស្រុកសន្ទុកនេះ?
សំណួរនេះ ! គឺជាចម្ងល់ នៃមតិមហាជន ដែលបានលើកឡើង ឆ្លើយតបនឹងការសង្កេតឃើញ សកម្មភាពស្តុក និងដឹកជញ្ជូនឈើ ប្រភេទឈើអុស រាប់សិបម៉ែត្រគូប ក្នុង១ថ្ងៃៗ នៅក្នុងភូមិសាស្ត្រ ឃុំក្រយារ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឯ ការកាប់ដើមឈើធំៗ នៅក្នុងដែនព្រៃអង់តែន ដែលគេហៅថាគម្រោងរ៉េដបូកនោះ នៅតែបន្តកើតមាន និងនៅស៊ើមៗនៅឡើយ ។
ឯ លោក ឈាង មាលា នាយសង្កាត់មេព្រៃក្រយារ , លោក អ៊ា គឹមឈាត នាយសង្កាត់មេព្រៃទំរីង និងជាប្រធានអនុត្តន៍ គម្រោងរ៉េដបូក និង លោក ជូ ឡី មន្ត្រីមេព្រៃខណ្ឌ ដែលមានបេសកកម្ម ប្រចាំនៅដែននោះ មិនបានទទួលទូរស័ព្ទអ្នកសារព័ត៌មាន សុំបំភ្លឺនោះទេ នៅព្រឹកថ្ងៃទី៤ ខែមិថុនា នេះ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី ការដឹកជញ្ជូនផល-អនុផលព្រៃឈើខាងលើ កំពុងកើតមានយ៉ាងពេញបន្ទុក នៅលើកំណាត់ផ្លូវ ចាប់ពីតំបន់៤៤ ,ត្រពាំងឬស្សី មកទល់ឃុំក្រយារ ដែលគេបង្ហូរចេញ ពីដែនព្រៃអង់តែន ឬ គម្រោងរ៉េដបូក។
មតិមហាជនខ្លះ បានលើកឡើងថា ដូរពីយ៉ាប់ មកដាក់មហាសែនយ៉ាប់ ពោលកាលនៅមន្ត្រីបរិស្ថាន គឺទំនាក់ទំនង សួរ- សុំបំភ្លឺបាន តែដូរមកមេព្រៃ គឺមិនខ្ចីទទួលទូរស័ព្ទ…ទន្ទឹមគ្នានឹងបទល្មើសព្រៃឈើ កើតមានយ៉ាងអានាធិបតេយ្យ… ៕ ម៉ា ណារិទ្ធ