
កំពង់ឆ្នាំង÷ បើយោងតាមសេចក្ដីរាយការណ៍ របស់សមត្ថកិច្ចរដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង ត្រូវបានមហាជនវិភាគឃើញថា បទល្មើសជលផលកំពុងកើតមាន ស្ទើរគ្រប់ច្រកល្ហក់ នៅខេត្តកំពង់ឆ្នាំង ក្នុងរដូវបិទនេសាទនេះ ក៏ជាមួយគ្នានឹងការចេញបង្រ្កាប មិនដកដៃ ពីសមត្ថកិច្ចរដ្ឋបាលខេត្ត និងរដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំងនេះផងដែរ។
បើយោងតាមការឃ្លាំមើល ពីសាធារណជន ពីសកម្មភាពនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ និងការបង្ក្រាបរបស់សមត្ថកិច្ចនោះ ឃើញថា សកម្មភាពបង្រ្កាប បានធ្វើឡើងផ្ទួនៗនិងជាប់ៗគ្នា តាំងពីដើមដៃតែម្ដង ជាការឆ្លើយតបនឹងបទល្មើសទាំងនោះ ចាប់ផ្ដើមកើតមាន និងទាន់ពេលវេលា។
ជាក់ស្ដែង គឺសមត្ថកិច្ចរដ្ឋបាលជលផល និងសមត្ថកិច្ចសហការ បានចេញបង្រា្កប ដែលមានរយ:ពេល៧ថ្ងៃមកហើយ គឺចាប់ពីថ្ងៃទី២១ ខែមិថុនា មកដល់ថ្ងៃទី២៧ ខែមិថុនានេះ ក្នុងនោះ ក៏គេសង្កេតឃើញ ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំង សាន់ យូ ដឹកនាំចេញបង្រ្កាបផ្ទាល់ផងដែរ។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សាន់ យូ បានដឹកនាំ កម្លាំងខណ្ឌរដ្ឋបាលជលផល សហការជាមួយគណ:បញ្ជាការឯកភាពស្រុកកំពង់លែង , អាជ្ញាធរឃុំផ្លូវទូក, ឃុំសំរោងសែន និងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យ ព្រុំប្រទល់កាត់ឆ្វៀល បែងចែក ដីលំនៅដ្ឋានក្នុងឃុំទាំង០២ ជូនប្រជាពលរដ្ឋ។
យោងតាមអនុក្រឹត្យ លេខ១១២ ចុះថ្ងៃទី០២/០៦/២២ ដោយក្នុងមួយគ្រួសារ ទទួលបាន០២ហិកតា និងធ្វើការបែងចែក ក្នុងជំហានបន្ទាប់។
ឆ្លៀតឱកាស នៅថ្ងៃទី២៧នោះដែរ បានសហការ ជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូរណ៌ និងសហគមន៍នេសាទកំពង់ព្រះគគីរ ដែលមានកម្លាំងសរុប ២៤នាក់ និងប្រើប្រាស់មធ្យោបាយ ដោយកាណូត៦គ្រឿង បានបង្រ្កាបបទល្មើសជលផល នៅចំណុច”រៃទឹក” ក្នុងភូមិសាស្រ្ត ស្រុកបរិបូរណ៌ផងដែរ។
ជាលទ្ធផលបានបំផ្លាញចោលរួមមាន÷
_រុះរើរបាំងសាច់អួនចំនួន ១ករណី ស្មើនឹង៤កន្លែងប្រវែង៤០០ម៉ែត្រ បង្គោលចំនួន៤០០ដើម លូសាច់អួនចំនួន៤មាត់ និងចាក់លែង ត្រីចម្រុះចំនួន១០គីឡូក្រាម៕ ដោយ ការិយាល័យនពន្ធ