
កំពង់ឆ្នាំង÷ ប៉ុន្មានថ្ងៃមកនេះ សមត្ថកិច្ចរដ្ឋបាលជលផល ខណ្ឌកំពង់ឆ្នាំង និងកម្លាំងរដ្ឋបាលដែនដី តាមបង្ក្រាបអត់ឈប់ទៅ លើបទល្មើសនេសាទ ដែលទឹកចាប់ផ្ដើមរើប គឺចាប់ផ្ដើមកើតមានរីក ដូចផ្សិតនោះ។
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមប្រតិបត្តិការ ខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំង សហការ ជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ និងសហគមន៍នេសាទកំពង់ព្រះគគីរ បានចុះបង្ក្រាប បទល្មើសនេសាទនៅចំណុច កោះក្អែរ និងកោះតាម៉ូវ ឋិតនៅក្នុងឃុំ កំពង់ព្រះគគីរ ស្រុកបរិបូណ៌ ដែលកម្លាំងសរុប ២៨នាក់ មធ្យោបាយកាណូតស្មាច់ ៦ គ្រឿង។
ជាលទ្ធផលបានរុះរើ និងបំផ្លាញចោលនៅហ្នឹងកន្លែងរួមមានៈ
-របាំងសាច់អួន៣ កន្លែង ប្រវែង៣០០ ម៉ែត្រ
-លូសាច់អួន ចំនួន៥ គ្រឿង
-បង្គោល ចំនួន៣០០ ដើម
-ចាក់លែងត្រីចម្រុះទៅក្នុង ធម្មជាតិ វិញ ចំនួន៥ kg។
ចំពោះការចេញប្រតិបត្តិការបង្ក្រាបផ្ទួនៗ និងជាប់ៗគ្នា តាំងពីថ្ងៃ២១ ខែមិថុនា មកដល់ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា នេះ ត្រូវបានមហាជន មើលឃើញថា ជាសញ្ញាមួយឆ្លើយតប ប្រឆាំងនឹងបទល្មើសនេសាទ មិនបណ្ដោយឱ្យកើតមាន តាមទំនើងនោះទេ យ៉ាងហោចណាស់ក៏ធ្លាក់ចុះជាអប្បរិមាដែរ ក្នុងរដូវបិទនេសាទនេះ។
ឯប្រជាពលរដ្ឋរំពឹងថា ក្នុងរដូវបិទនេសាទនេះ បើសមត្ថិច្ច ការពារ និងទប់ស្កាត់បាន ឬបទល្មើសនេសាទ នៅក្នុងកំរិតអប្បរិមានោះ ត្រីនឹងសម្បូរឡើងវិញជាមិនខាន ជាប្រយោជន៍ជនទូទៅ និងក្មេងជំនាន់ក្រោយ៕ ការិយាល័យនពន្ធ