
កំពង់ធំ ÷ បន្ទាប់ពីលោក សម សាង ប្រធានស្នាក់ការបរិស្ថានដែលឈរជើងនៅតំបន់ច្រកតោល និង រងស្នាក់ការម្នាក់ទៀតដែលមានឈ្មោះហេង សុខឃន ត្រូវបានប្រធានមន្ទីបរិស្ថានខេត្តកំពង់ធំ ធ្វើការផ្លាស់ប្ដូរចេញ បន្ទាប់ពីព័ត៌មាននៅក្នុងស្រុកមួយចំនួនបានចុះផ្សាយពីករណីឃុបឃិតគ្នាជាមួយឈ្មួញដែលដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីព្រៃឡង់ ហើយពេលនេះដែរ លោក ជា គឹមគង់ មក កាន់តំណែងជំនួសវិញម្តង ។
នាល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ យើងបានទទួលព័ត៌មានពីឃុំមានរិទ្ធ ស្រុកសណ្ដាន់មកថាក្រោយពីមានការផ្លាស់ប្ដូរប្រធាន និងអនុប្រធានច្រកតោលចេញ បែកធ្លាយថា ប្រធានច្រកតោលដែលទើបតែប្ដូរមកថ្មីនេះបានបើកករណីចាប់ អតីតមេខ្លោងរកស៊ីឈើហើយជាមេខ្យល់កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលជាតំបន់ហាមឃាត់ជាប់ស្នាក់ការបរិស្ថានច្រកតោល។
ប្រភពប្រជាពលរដ្ឋនៅទីនោះបានខ្សឹបប្រាប់ថា ជនសង្ស័យដែលបានឃាត់ខ្លួនករណី កាប់ទន្ទ្រានដីតំបន់ហាមឃាត់របស់រដ្ឋនោះមានឈ្មោះថា ប៉ែន ប៊ុនគា ឋានៈវរសេនីយ៍ត្រី ជាក្របខណ្ឌអធិការកិច្ច បច្ចុប្បន្នបញ្ជូនខ្លួនមកមន្ទីរបរិស្ថាន ដើម្បីសាកសួរ និង បញ្ជូនខ្លួនទៅតុលាការបន្ត ដើម្បីចំណាត់ការតាមនិតិវិធី។
ដោយឡែក លោក ជា គឹមគង់ ប្រធានស្នាក់ការតំបន់ច្រកតោល ដែលទើបតែមកកាន់តំណែងថ្មី បញ្ជាក់តាមទូរស័ព្ទមកអង្គភាពសារព័ត៌មានយើងថា លោក មិនអាចបញ្ជាក់ព័ត៌មានលំអិតជូនបានទេ ចំពោះករណីខាងលើនោះ ទាល់តែមានការអនុញ្ញាតពីថ្នាក់លើ ។