
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២.៣០នាទីរសៀល. ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់ឯកឧត្តម ផូង វណ្ណ ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ធំ. ជំនួសដោយឯកឧត្តម លាង សួគ៌ ដែលត្រូវផ្ទេរមុខតំណែងទៅជា សមាជិកឧត្តមប្រឹក្សានៃអង្គចៅក្រម។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌,ឯកឧត្តម អ៊ួង សុភារិទ្ធ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម,ឯកឧត្តម ស៊ិន វិរះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ. ព្រះរាជអាជ្ញារង ចៅក្រម មន្ត្រីតុលាការ និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ. ឯកឧត្តម ហង្ស ថុល មេបញ្ជាការគងរាជអាវុធហត្ថខេត្តកំពង់ធំ. ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ. និងមន្ត្រីរាជការជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ឡើងវិញពីជំហរដ៏ម៉ឹងម៉ាត់របស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យយុត្តិធម៌ និងការពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម សំដៅលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម, លើកកម្ពស់គុណភាពនៃការកាត់ក្តីប្រកបដោយភាពត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។
ក្នុងជំហរដ៏ម៉ឹងម៉ាត់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តក្រើនរំលឹក និងណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្រ្តីរាជការទាំងអស់នៅតាមសាលាជម្រះក្តីនានានៅទូទាំងប្រទេស អំពីគោលការណ៍ ០៥ ចំនុច ដូចខាងក្រោម៖
ទី១. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី។
ទី២. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគតិធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។
ទី៣. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រមខ្លួនឯង ហើយវាជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។
ទី៤. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
ទី៥. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងកិច្ចសហប្រតិបតិ្តការល្អជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អនៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាពនៃការបម្រើសេវាយុតិ្តធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា ទោះបីជាកម្ពុជាទទួលបានជោគជ័យលើសមរភូមិនៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី, ក្រសួងយុត្តិធម៌ សូមក្រើនរំលឹក និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តរៀបចំធ្វើយ៉ាងណាឱ្យដំណើរការនៃការជម្រះក្តី និងការមកទទួលយកសេវាយុត្តិធម៌របស់ប្រជាពលរដ្ឋ អាចប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងតាមគន្លងប្រក្រតីភាពថ្មី។